នាយករដ្ឋមន្រ្តីសាទរខួប១ឆ្នាំនៃការបញ្ចូល«ប្រាសាទកោះកេរ»ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤-ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ជាខួប១ឆ្នាំនៃការដាក់បញ្ចូល«រមណីយ​ដ្ឋាន​ប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាមរយៈសេចក្តីសម្រេច 45 COM 8B.8 ក្នុងសម័យប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នាទីក្រុងរីយ៉ាដ ប្រទេសអារ៉ា​ប៊ី​​សា​អូឌីត។

ក្នុងខួប១ឆ្នាំនៃការដាក់បញ្ចូល«រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភព​លោក​នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចេញសារលិខិតអបអរសាទរ និងបានចាត់​ទុក​​សមិទ្ធផលដ៏ប្រសើរថ្លៃថ្លានេះ គឺជាការបង្ហាញពីកិត្យានុភាពវប្បធម៌ដ៏ខ្ពស់ត្រដែតរបស់ជាតិ ក្នុងឆាក​អន្តរជាតិ ដែលកើតចេញពីការខិតខំប្រឹងប្រែងប្រកបដោយវីរភាពជាប់មិនដាច់ និងឥតរាថយរបស់​រាជ​រដ្ឋាភិបាលកម្ពុជា ក្រោមម្លប់នៃសន្តិភាព។

តាមរយៈសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា «សមិទ្ធផលនៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបង្រួបបង្រួមជាតិ និងនាំមកជូនប្រជាជនកម្ពុជា នូវភាពសុខដុមរមនាសម្រាប់ជាមូលដ្ឋានក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ រួមទាំងការអភិរក្ស អភិវឌ្ឍនូវសម្បត្តិបេតិកភណ្ឌវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីជាតិខ្មែរ ដែលជាកេរដំណែរដ៏ឧត្តុង្គឧត្តមពុំអាចកាត់ថ្លៃបានរបស់បុព្វបុរសយើងបន្សល់ទុកជូនអ្នកជំនាន់ក្រោយ»។

ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានកោតសរសើរដោយស្មោះ និងមូលវិចារដ៏ថ្លៃថ្លាជូនចំពោះថ្នាក់​ដឹក​នាំ មន្រ្តីរាជការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិព្រះវិហារ អ្នកជំនាញជាតិនិងអន្តរ​ជាតិ ដែលបានខិតខំព្យាយាមលះបង់ទាំងកម្លាំងកាយ ប្រាជ្ញានិងស្មារតី ប្រកបដោយភាពប៉ិន​ប្រសប់និង​វិជ្ជាជីវៈខ្ពស់ ពុះពារជម្នះគ្រប់ការលំបាករហូតសម្រេចបាននូវសមិទ្ធផលដ៏ធំធេងនេះ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណជាពិសេសចំពោះមិត្តភក្តិអន្តរជាតិនៃប្រទេសកម្ពុជា និងឥស្សរជន​ទាំងឡាយ ដែលបានទទួលស្គាល់នូវតម្លៃដ៏មហាអស្ចារ្យជាសកលនៃ «រមណីយដ្ឋានប្រាសាទកោះកេរ» ដែលជាអតីតរាជធានីខ្មែរក្នុងមស័យអង្គរដ៏រុងរឿង កសាងដោយព្រះបាទជ័យវរ្ម័នទី៤។

«រមណីយដ្ឋានប្រាសាទកោះកេរ បានបន្សល់ទុកនូវប្រាង្គប្រាសាទ រូបបដិមា សិលាចារឹក ចំណេះដឹង​ផ្នែក​រៀបចំក្រុង និងប្រព័ន្ធធារាសាស្រ្តបុរាណ ដែលចាំបាច់ត្រូវការពារអភិរក្ស សិក្សាស្រាវជ្រាវ និង​លើក​តម្លៃឡើងវិញ។ ជាមួយនឹងការអបអរសាទរនេះ ខ្ញុំសូមស្នើដល់សហប្រធានចិននិងឥណ្ឌា នៃ​គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ដើម្បីការពារនិងលើកតម្លៃរមណីយដ្ឋានវប្បធម៌​ធម្មជាតិនៃ​ប្រាសាទព្រះវិហារ (ICC –Preah Vihear) ព្រមទាំងប្រទេសជាសមាជិកទាំងអស់ ពង្រីកសកម្មភាព​របស់ខ្លួនបន្ថែមទៀត ដើម្បីជួយអភិរក្សនិងលើកតម្លៃរមណីយដ្ឋានប្រាសាទកោះកេរ ដែលជាសម្បត្តិ​របស់​​មនុស្សជាតិទាំងមូល ដោយផ្អែកលើគំរូនៃកិច្ចសហការដ៏សកម្មដែលមានស្រាប់​ជាមួយរាជ​រដ្ឋាភិ​បាល​កម្ពុជា»។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងសារលិខិត។

សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃការចូលរួម​របស់គ្រប់ស្ថាប័នពាក់ព័ន្ធ​ទាំងអស់ ជាពិសេសអាជ្ញាធរខេត្តព្រះវិហារ និងអាជ្ញាធរជាតិព្រះវិហារ ត្រូវបំពេញបេសកកម្មការងារ​គ្រប់​គ្រងនិងអភិរក្សរបស់ខ្លួនឱ្យបានហ្មត់ចត់ ស្របតាមគោលការណ៍ប្រតិបត្តិការរបស់​គណៈកម្មាធិការ​បេតិក​ភណ្ឌពិភពលោកដោយមិនត្រូវអនុញ្ញាតឱ្យមានការទន្ទ្រានយកដីខុសច្បាប់ ការកាប់បំផ្លាញ់​ព្រៃឈើ ការបរបាញ់សត្វព្រៃ ការរុករក និងការជីកកកាយដោយខុសច្បាប់ ដើម្បីលើកតម្លៃ​និងថែរក្សា​រមណីយដ្ឋានប្រាសាទកោះកេរសម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាជន​នៅក្នុងមូលដ្ឋាន។

សូមជម្រាបថា ប្រាសាទកោះកេរ ស្ថិតនៅក្នុងភូមិកោះកេរ្តិ៍ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ប្រាសាទនេះ មានចម្ងាយប្រមាណ ១២០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងមានចម្ងាយប្រមាណ ៦០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ ចំណែកចម្ងាយពីរាជធានីភ្នំពេញមាន ៤៦០គីឡូម៉ែត្រ។ប្រាសាទកោះកេរ មានទំហំផៃ្ទដី១៦គុណ១៦គីឡូម៉ែត្រ រួមមាន៩៨ប្រាសាទ។ ប្រាសាទនេះមាន ៧ជាន់ មានកំពស់ ៣៥ម៉ែត្រ ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសម្រាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា៕

Leave a Reply

Your email address will not be published. Required fields are marked *