ពីថ្ងៃ១៣ដល់ថ្ងៃ១៥កញ្ញានៅភ្នំពេញនិងបណ្តាខេត្តអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្រ្តាក់

នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តស្ទើរទូទាំងប្រទេសកម្ពុជា អាចនឹងមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដីពី៥៥ទៅ៦៥ភាគរយ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ​២០២៤។ ការដែលអាចនាំឱ្យកម្ពុជាមានភ្លៀងធ្លាក់បែបនេះ បើតាមក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ដោយសារព្យុះទី១៣ឈ្មោះ ប៊ីបីនកា (Bebinca) និងសម្ពាធទាបដែលគ្រប​ដណ្តប់លើ​ឈូងសមុទ្របេងហ្គាល់ នៅតែបន្តមានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ ខណៈសម្ពាធទាប គ្របដណ្ដប់លើភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើកម្ពុជា។

បើតាមសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៣ ខែកញ្ញា ក្រសួងធនធានទឹក បានបញ្ជាក់ថា នៅតំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី ៦៥ភាគរយ។

តំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ គ្របដណ្តប់​លើ​ផ្ទៃដី ៦០ភាគរយ។ តំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាច​មានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ គ្របដណ្តប់លើផ្ទៃដី ៥៥ភាគរយ ខណៈរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ៕

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *