ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់យ៉ាងច្បាស់ថា ក្រសួងមិនធ្លាប់បង្ខិតបង្ខំឱ្យបុគ្គលិកអប់រំកាត់ប្រាក់បៀវត្សចូលរួមក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះឡើយ។ ការចេញមកបញ្ជាក់ដូច្នេះ បន្ទាប់ពីថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងការកាត់បៀវត្សរបស់គ្រូបង្រៀន ដើម្បីចូលរួមវិភាគទានទៅក្នុងគម្រោងអភិវឌ្ឍន៍នៅតាមព្រំដែន ដោយកាត់យកតែម្តង និងដោយមិនបានសួរយោបល់ពីគ្រូបង្រៀននោះទេ។
ជុំវិញនឹងបញ្ហានេះ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងអប់រំ ចេញថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានបញ្ជាក់ថា «ក្រសួងអប់រំ យុវជន និងកីឡា សូមបដិសេធទាំងស្រុងនិងថ្កោលទោសចំពោះសកម្មភាពបំផុសបំផុល និងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលមានចរិកជាសកម្មភាពញុះញង់ក្នុងរូបភាពអាក្រក់ និងមើលស្រាលដល់ស្មារតីមហាសាមគ្គីជាតិខ្មែរ និងទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរ ដែលបានបរិច្ចាគវិភាគទានផ្ទាល់ខ្លួនដោយស្ម័គ្រចិត្ត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងបុព្វហេតុរួមគ្នាកសាង និងការពារមាតុភូមិកម្ពុជារបស់យើង»។
ជាមួយគ្នានេះ ក្រសួងអប់រំ បានបញ្ជាក់បន្ថែមថា បៀវត្សរបស់បុគ្គលិកអប់រំមិនអាចកាត់ដោយគ្មានការយល់ព្រមពីសាមីខ្លួនបានឡើយ ព្រោះបៀវត្សត្រូវផ្ទេរពីគណនីរបស់ធនាគារចូលទៅក្នុងគណនីជាបុគ្គលរបស់បុគ្គលិកអប់រំតែម្តង។ ទន្ទឹមគ្នានេះ ក្រសួងអប់រំ សូមថ្កោលទោសចំពោះបុគ្គលទាំងឡាយណា ដែលបានបង្កើតព័ត៌មានញុះញង់ និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព្រមទាំងស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលទាំងនោះផងដែរ។
«សូមបុគ្គលិកអប់រំ និងសាធារណជនទាំងអស់ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍ និងសេចក្តីសុខរួមរបស់ប្រជាជនកម្ពុជានៅក្នុងទូទាំងប្រទេស»។ នេះជាការលើកឡើងរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងសេចក្តីថ្លែងការណ៍៕