ភ្លៀងបន្តធ្លាក់ជាមួយខ្យល់កន្រ្តាក់នៅតាមខេត្តមួយចំនួននិងភ្នំពេញដល់ថ្ងៃ១២កញ្ញា

ភ្លៀងបន្តធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តស្ទើរទូទាំង​ប្រទេស​កម្ពុ​ជា ដោយគ្របដណ្តប់លើផ្ទៃដីពី២០ទៅ៥៥ភាគរយ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ​២០​២​៤​​។ ការដែលអាចនាំឱ្យមានភ្លៀងធ្លាក់ជាមួយខ្យល់កន្រ្តាក់ បើតាមក្រសួងធនធានទឹក និងឧតុនិយម បាន​ឱ្យដឹង​ថា ខ្យល់មូសុងនិរតីដែលបក់មកលើសមុទ្រ Andaman នៅមានឥទ្ធិពល ខណៈសម្ពាធទាប​គ្រប​​ដណ្ដប់លើឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើប្រទេស​កម្ពុ​ជា​។

បើតាមសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១០ ខែកញ្ញា ក្រសួងធន​ធាន​​ទឹក បានបញ្ជាក់ថា តំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី ៥០ភាគរយ។

តំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងតំបន់ជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់គ្រប់​ដណ្តប់​លើផ្ទៃដី ៥៥ភាគរយ។ តំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងតំបន់​ជួរ​ភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់គ្រប់ដណ្តប់លើផ្ទៃដី ២០ភាគរយ ខណៈរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ៕

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *