ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ព្យុះទី១១ឈ្មោះយ៉ាកជី (Yagi) មានឥទ្ធិពលលើខ្យល់មូសុងនិរតីដែលបក់លើសមុទ្រ Andaman ខណៈសម្ពាធទាប គ្របដណ្ដប់លើឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើកម្ពុជា ដែលកត្តានេះនាំឱ្យតាមបណ្តាខេត្ត និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ គ្របដណ្តប់លើផ្ទៃដីពី៤៥ទៅ៦០ភាគរយ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤។
បើតាមសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី០៣ ខែកញ្ញា ក្រសួងធនធានទឹក បានបញ្ជាក់ថា តំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី៦០ភាគរយ។
តំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី៤៥ភាគរយ។ តំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងតំបន់ជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី៥០ភាគរយ ខណៈរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ១ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៧៥ម៉ែត្រ៕