សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចាត់ទុកការពលីជីវិតរបស់លោកអនុសេនីយ៍ត្រី សៅ រក្សា ក្នុងពេលបំពេញប្រតិបត្តិការបង្ក្រាបបទល្មើសហិង្សា នៅល្ងាចថ្ងៃទី២៩ខែសីហាឆ្នាំ២០២៤ គឺជាការបាត់បង់មន្រ្តីនគរបាលដ៏អង់អាចក្លាហាន ដែលបានលះបង់កម្លាំងកាយចិត្ត និងសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីបុព្វហេតុសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជាតិ។
តាមរយៈសារលិខិតរំលែកមរណទុក្ខផ្ញើជូនលោក នៅ សំបូរ និងលោកស្រី យ៉ង អិត ព្រមទាំងក្រុមគ្រួសារ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ខ្ញុំនិងភរិយា សូមចូលរួមរំលែកទុក្ខជាមួយលោក និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ក៏ដូចជាថ្នាក់ដឹកនាំ មន្រ្តីនគរបាលជាតិទាំងអស់ និងសូមសម្តែងសេចក្តីសង្វេគប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ ព្រោះការបាត់បង់លោកអនុសេនីយ៍ត្រី សៅ រក្សា គឺជាការបាត់បង់កូនប្រុសដ៏មានគុណធម៌ សុជីវធម៌ កតញ្ញូកតវេទិតាធម៌ចំពោះជីដូនជីតា លោកឪពុក អ្នកម្តាយ មីងមាបងប្អូន ជាទីស្រឡាញ់ទាំងអស់ ហើយក៏ជាការបាត់បង់មន្រ្តីនគរបាលដ៏អង់អាចក្លាហាន ដែលបានលះបង់កម្លាំងកាយចិត្ត និងសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីបុព្វហេតុសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជាតិ»។
ក្នុងសារលិខិតរំលែកមរណទុក្ខ បានបញ្ជាក់បន្ថែមថា សម្តេចនិងភរិយា ពិតជាមានសេចក្តីក្តុកក្តួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹងអំពីមរណភាពរបស់លោកអនុសេនីយ៍ត្រី សៅ រក្សា ដែលបានពលីជីវិតក្នុងពេលបំពេញប្រតិបត្តិការបង្ក្រាបបទល្មើសហិង្សានៅវេលាម៉ោង ៤និង៣០នាទីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។
សូមជម្រាបថា លោកអនុសេនីយ៍ត្រី សៅ រក្សា ជាមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ លោកអនុសេនីយ៍ត្រី សៅ រក្សា បានពលីជីវិតក្នុងប្រតិបត្តិការបង្ក្រាបជនបែកថ្នាំម្នាក់ នៅល្ងាចថ្ងៃទី២៩ ខែសីហា ស្ថិតនៅលើផ្លូវ៣០៤ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ក្នុងហេតុការណ៍នេះ បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានបញ្ជាក់ថា លោកអនុសេនីយ៍ត្រី សៅ រក្សា ត្រូវបានជនបែកថ្នាំម្នាក់ដេញចាក់នឹងកាំបិទបណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។ បន្ទាប់មកជនបែកថ្នាំម្នាក់នេះ ក៏បានយកកាំភ្លើងពីចង្កេះរបស់សមត្ថកិច្ចដើរស្រែកឡូឡាពេញដងផ្លូវ។
ស្របពេលនោះ សមត្ថកិច្ចក៏ចុះអន្តរាគមន៍បន្ថែម ប៉ុន្តែជនសង្ស័យបានបាញ់តដៃជាមួយសមត្ថកិច្ច ដែលនាំឱ្យសមត្ថកិច្ចប្រើស្វ័យសិទ្ធិការពារខ្លួនបាញ់បញ្ចប់ជីវិតជនសង្ស័យតែម្ដង។ ជនបែកថ្នាំម្នាក់នោះ មានឈ្មោះ ជលា វ័យប្រមាណ៣០ឆ្នាំ ធ្លាប់ចូលមណ្ឌលកែប្រែ និងធ្លាប់ជាប់ពន្ធនាគារផងដែរ។
ចំណែកមូលហេតុដែលនាំឱ្យសមត្ថកិច្ចឈានទៅដល់ការចុះបង្ក្រាបជនបែកថ្នាំរូបនេះ ដោយសាររូបគេ បានបង្កការអុកឡុកក្នុងផ្ទះ ដោយយកកាំបិតគំរាមចាក់ម្តាយបង្កើត ទើបក្រុមគ្រួសារទំនាក់ទំនងសុំការអន្តរាគមន៍ពីសមត្ថកិច្ច៕