ផ្សោតមួយក្បាលមានប្រវែង ២,៤០ម៉ែត្រ ទម្ងន់ប្រមាណ ១២០គីឡូក្រាម ត្រូវបាននាយសង្កាត់រដ្ឋបាលជលផលស្មាច់មានជ័យ សហការជាមួយប្រធាន និងសមាជិកសហគមន៍នេសាទពាមក្រសោប ជួយសង្គ្រោះឱ្យរួចផុតពីការបាត់បង់ជីវិត ក្រោយសត្វផ្សោតនេះជាប់នឹងឬសកោងកាង ស្ថិតនៅក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។
បើតាមក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ក្រោយពីសង្គ្រោះ មន្ត្រីជំនាញបាននាំយកទៅព្រលែងចូលទៅក្នុងបឹងធម្មជាតិវិញ នៅចំណុចខាងក្រៅ (ហៅឃ្លងយាយប៉ែន រ៉ន) ស្ថិតនៅក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
តាមរយៈការថ្លែងសុន្ទរកថានៅក្នុងទិវាមច្ឆជាតិ០១ កក្កដា លើកទី១៩ នៅទីតាំងបឹងធំ ខេត្តកំពង់ចាម កាលពីពេលកន្លងទៅ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅឆ្នាំ២០២២ មានសត្វផ្សោតស្លាប់ចំនួន១១ក្បាល តែនៅឆ្នាំ២០២៣ អត្រាស្លាប់របស់ប្រភេទសត្វជិតផុតពូជមួយនេះបានថយចុះមកនៅត្រឹមតែ ៥ក្បាលប៉ុណ្ណោះ ខណៈដែលអត្រាកំណើតបានកើនឡើងពី ៦ក្បាលក្នុងឆ្នាំ២០២២ មកដល់ ៨ក្បាលនៅឆ្នាំ២០២៣។
រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបញ្ជាក់ថា សម្រាប់រយៈពេល ៦ខែដើមឆ្នាំ២០២៤ ផ្សោតកើតកូនបាន ចំនួន០៨ក្បាលទៀត តែបានងាប់ទៅវិញចំនួន០២ក្បាល។ កំណើនកូនផ្សោតនេះត្រូវបានក្រសួងកសិកម្មចាត់ទុកជាដំណឹងដ៏គួរឱ្យរំភើបរីករាយ ព្រោះវាបានធ្វើឱ្យសត្វផ្សោតទន្លេមេគង្គមានសរុបប្រមាណ ១០៥ក្បាល។
សូមជម្រាបថា សត្វផ្សោតទន្លេមេគង្គ ត្រូវបានអ្នកវិទ្យាសាស្ដ្រចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតផុតពូជ។ សត្វផ្សោតទន្លេមេគង្គគឺរស់នៅតាមបណ្តោយដងទន្លេមេគង្គក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ តែអ្វីជាការកត់សម្គាល់ ប្រភេទសត្វដែលជិតផុតពូជមួយនេះបានងាប់ជាបន្តបន្ទាប់ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយដែលមានយ៉ាងហោចណាស់ ២៩ក្បាល។ ផ្សោតភាគច្រើនដែលបានងាប់គឺជាប់មងរបស់អ្នកនេសាទ។ នេះបើតាមអង្គការ WWF កម្ពុជា៕