មនុស្សយ៉ាងហោចណាស់ចំនួន២នាក់ បានស្លាប់បាត់បង់ជីវិត និង២៥នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្តបន្ទាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅក្បែរអនុវិទ្យាល័យស្រុកកំពង់សិលា ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។
បើតាមលោក សេងសូរីណា អធិការស្ដីទីនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា បានឱ្យដឹងនូវព័ត៌មានបឋមថា នៅវេលាម៉ោងប៉ុន្មាន៧និង៥០នាទីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចក្បែរនៅវិទ្យាល័យសុខកំពង់សិលា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តតួររីសដឹកកម្មករនិងរថយន្តកុងតឺន័រ ពណ៌ស ក្នុងទិសដៅបញ្ច្រាស់ទិសគ្នាបណ្ដាលឱ្យអ្នកបើកបររថយន្តតួររីសស្លាប់នៅនឹងកន្លែងនិងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។
លោក សេងសូរីណា បានបញ្ជាក់បន្ថែមថា ជនរងគ្រោះដទៃទៀត ត្រូវបានរថយន្តសង្គ្រោះនៃមន្ទីរពេទ្យបង្អែកស្រុកកំពង់សាលានិងរថយន្តសង្គ្រោះរបស់អធិការរដ្ឋាននគរបាលស្រុកកំពង់សាលាដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យខេត្តកំពង់ស្ពឺដែលនៅជិត។ ចំពោះស្ថានភាពបែបណាបន្តទៀតនៅពុំទាន់ដឹងនៅឡើយទេ៕