កោះហៅប៉ូលីសចរាចរណ៍ម្នាក់មកបំភ្លឺករណីឃាត់ម៉ូតូកង់បីគ្មានល្មើសច្បាប់

ប្រធានគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកម្នាក់ នៅគោលដៅស្តុបបុរីអង្គរ ត្រូវបានការិយាល័យ​ន​គរបាល​ចរាចរណ៍ផ្លូវគោកកោះហៅមកសួរនាំបំភ្លឺដើម្បីរងចាំការស្រាវជ្រាវបន្ថែមទៀត ពាក់ព័ន្ធករណី​បាន​​ចាប់ឃាត់ម៉ូតូកង់៣ (ផាស់អាប់) បម្រុងផាកពិន័យដោយមិនបានល្មើសច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤។ ការកោះហៅប្រធានគោលដៅមកបំភ្លឺ ធ្វើឡើងតាមបទបញ្ជា​រប​ស់​លោក​ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ។

បើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺនៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ប្រធានគោល​ដៅ​អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកម្នាក់ នៅគោលដៅស្តុបបុរីអង្គរ ត្រូវបានការិយាល័យនគរបាល​ចរាចរ​ណ៍​ផ្លូវគោកកោះហៅមកសួរនាំបំភ្លឺ ដើម្បីរងចាំការស្រាវជ្រាវបន្ថែមទៀត ក្រោយពីមានការ​ផ្សព្វផ្សាយ​ឃ្លីប​វីដេអូតាមបណ្តាញសង្គមពីការចោទប្រកាន់របស់បុរសម្នាក់ជាអ្នកបើកបរម៉ូតូកង់៣ (ផាស់អាប់)​ចំពោះ​មន្រ្តីនគរបាលចរាចរណ៍នៅគោលដៅស្តុបបុរីអង្គរ កាលពីថ្ងៃទី២៤ខែសីហាថា បានចាប់ឃាត់​ម៉ូតូ​កង់៣គាត់បម្រុងផាកពិន័យដោយមិនបានល្មើសច្បាប់ចរាចរណ៍ផ្លូវគោក។ នៅពេលនោះ​គាត់បាន​តវ៉ាបង្ហាញកាមេរ៉ា ទើបមន្រ្តីនគរបាលចរាចរណ៍មិនផាកពិន័យនិងបានអនុញ្ញាតឱ្យគាត់បន្តដំណើរ។

ការិយាល័យនគរបាល​ចរាចរ​ណ៍​ផ្លូវគោក បានសូមឱ្យអ្នកបើកបរម៉ូតូកង់៣(ផាស់អាប់) ចូលមក​សហ​ការ​​បំ​ភ្លឺជុំវិញករណីនេះដើម្បីដោះស្រាយ ក្រោយពីបានកោះហៅប្រធានគោល​ដៅ​អនុវត្តច្បាប់​ចរាចរ​ណ៍ផ្លូវគោកម្នាក់ នៅគោលដៅស្តុបបុរីអង្គរមកបំភ្លឺរួចរាល់។

ជុំវិញនឹងករណីនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានណែនាំដល់ប្រជាពលរដ្ឋ​ធ្វើដំណើរក្នុង​ភូមិ​​សាស្រ្ត​រាជធានីភ្នំពេញ មុននឹងផុសព័ត៌មានតាមបណ្តាញសង្គម ក្នុងករណីមន្រ្តីនគរបាលចរាចរណ៍​ដែល​ឈរជើងនៅគោលដៅណាមួយដែលចុះ​អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក មានកំហុសឆ្គង​ចំពោះ​ប្រ​ជាពលរដ្ឋ​ដោយប្រការណាមួយ ហើយប្រជាពលរដ្ឋកើតទុក្ខមិនសុខចិត្ត សូមមកដាក់ពាក្យបណ្តឹង នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកអគ្គស្នងការរង និងជាស្នងការ​នគរ​បា​ល​រាជធានី​ភ្នំពេញ​ នឹងដោះស្រាយជូនប្រជាពលរដ្ឋ៕

Leave a Reply

Your email address will not be published. Required fields are marked *