ក្រសួងសុខាភិបាល បានបើកកិច្ចប្រជុំពិភាក្សាពង្រឹងការគ្រប់គ្រង ម៉ាស៊ីនផលិតអុកស៊ីសែនខ្នាតធំ(PSA Plant) ជាពិសេសម៉ាស៊ីនទាំង១២ នៅតាមបណ្តាខេត្ត ដែលបានផ្តល់ជូនដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩។ កិច្ចប្រជុំពិភាក្សានេះ ដឹកនាំដោយលោក ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី២៣ សីហា ឆ្នាំ២០២៤ ដោយលោកគូសបញ្ជាក់ថា ម៉ាស៊ីនផលិតអុកស៊ីសែនខ្នាតធំនេះ មានលទ្ឋភាពផលិតអុកស៊ីសែនចែកចាយទៅដល់មន្ទីរពេទ្យក្រោមឱវាទនៅតាមបណ្តាខេត្តនីមួយៗដើម្បីអាចប្រើប្រាស់អុកស៊ីសែនឱ្យមានប្រសិទ្ធភាពខ្ពស់។
លោករដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់បន្ថែមថា តាមរយៈការគណនាផ្នែកបច្ចេកទេសបានរកឃើញថា ក្នុងមួយបំពង់អាចចំណាយអស់ត្រឹម ៦.៨៨ដុល្លា (ថ្លៃភ្លើង ការជួសជុល បុគ្គលិក ថ្លៃប្រេងម៉ាស៊ីនសម្រាប់ម៉ាស៊ីនបូមខ្យល់) បើប្រៀបធៀបតម្លៃទីផ្សារនឹងចំណាយអស់១៣ដុល្លា ដូច្នេះ ការប្រើ ម៉ាស៊ីនផលិតអុកស៊ីសែនខ្នាតធំ(PSA Plant) អាចសន្សំថវិកាបានចំនួន ៥០ភាគរយ។
លោក ឡឹម តារា បានផ្តល់ការណែនាំដល់បណ្តាខេត្តនានាត្រូវធ្វើការថែទាំ និងជួសជុលម៉ាស៊ីនផលិតអុកស៊ីសែនខ្នាតធំ(PSA Plant) តាមលក្ខណៈបច្ចេកទេស រៀបចំផែនការគ្រប់គ្រងម៉ាស៊ីន ធ្វើការបណ្តុះបណ្តាលអ្នកប្រើប្រាស់ និងសូមរៀនសូត្រពីការប្រើប្រាស់គំរូ Hub & Spoke តាមមន្ទីរសុខាភិបាលខេត្តកំពង់ចាមដើម្បីជាជំនួយដល់ការថែទាំម៉ាស៊ីនឱ្យបានត្រឹមត្រូវ។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់លោកប្រធានមន្ទីរសុខាភិបាល លោក អនុប្រធានមន្ទីរសុខាភិបាល ដែលអញ្ជើញមកពីខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តព្រៃវែង ខេត្តក្រចេះ និងខេត្តព្រះវិហារ៕