ព្យុះទី១០ឈ្មោះសានសានមានឥទ្ធិពលលើកម្ពុជាអាចធ្វើឱ្យមានភ្លៀងធ្លាក់ជាមួយខ្យល់កន្រ្តាក់

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ព្យុះទី១០ឈ្មោះ សានសាន (Shanshan) មានឥ​ទ្ធិ​​ពលលើខ្យល់មូសុងនិរតីដែលបក់លើសមុទ្រ Andaman ខណៈសម្ពាធទាប គ្របដណ្ដប់លើឈូង​សមុទ្រ​ថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើកម្ពុជា។ កត្តានេះអាចនាំឱ្យ​រាជ​ធានីភ្នំពេញ និងបណ្តាខេត្តស្ទើរទូទាំងប្រទេសកម្ពុជា អាចមាននឹងមានភ្លៀង​ធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់គ្រប់ដណ្តប់លើផ្ទៃដីពី២៥ទៅ៤០ភាគរយ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។

តាមរយៈសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី ២៥ ខែសីហា ក្រសួង​ធន​ធានទឹក បានឱ្យដឹងថា នៅតំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ គ្រប់ដណ្តប់លើផ្ទៃដី៤០ភាគរយ។ តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ នៅតាមតំបន់ជួរភ្នំក្រវាញ និងតំបន់ជួរភ្នំដងរែក គ្រប់ដណ្តប់លើផ្ទៃដី៣០ភាគរយ។

តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់នៅតាមតំបន់ជួរភ្នំបូកគោ ដោយគ្របដណ្តប់លើផ្ទៃដី២៥ភាគរយ ខណៈរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *