ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ Andaman នៅតែបន្តមានឥទ្ធិពលខណៈសម្ពាធទាបដែលគ្របដណ្ដប់លើឈួងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា ដែលអាចនាំឱ្យមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់នៅតាមបណ្តារាជធានី-ខេត្ត ស្ទើទូទាំងប្រទេសកម្ពុជា ដោយគ្របដណ្តប់លើផ្ទៃដី១៥ទៅ៤០ភាគរយ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤។
បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម អំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា នៅតំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី៤០ភាគរយ។
ចំពោះ តំបន់ខ្ពង់រាប មានខេត្តប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគីរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ គ្របដណ្តប់លើផ្ទៃដី ៣០ភាគរយ។
ចំណែកឯ តំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី ១៥ភាគរយ ខណៈឯរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ៕
ដោយ៖ ផេង ភា