ក្រសួងការពារជាតិបានប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះឃ្លីបវីដេអូក្លែងកា្លយជាភាសាចិន ដែលថាថ្នាក់ដឹកនាំក្រសួងការពារជាតិ នាំកងទ័ពធ្វើរដ្ឋប្រហារទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់។ ការប្រកាសបដិសេធនេះធ្វើឡើងបន្ទាប់ពីមានឃ្លីបវីដេអូមួយជាភាសាចិន បានផ្សាយព័ត៌មានក្លែងកា្លយថា សម្ដេច ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ បានដឹកនាំកងទ័ពធ្វើរដ្ឋប្រហារទម្លាក់រាជរដ្ឋាភិបាល ដោយបានសម្រុកចូលចាប់ខ្លួនសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិនៅថ្ងៃទី១៩ សីហា ឆ្នាំ២០២៤។
ជុំវិញនឹងករណីនេះ ក្រសួងថា នេះជាការចោទប្រកានទាំងកំរោលដោយគ្មានភស្តុតាងមកលើថ្នាក់ដឹកនាំក្រសួងការពារជាតិ ព្រមទាំងចាត់ទុកការផ្សាយព័ត៌មាននេះមានចេតនាបំភ្លៃការពិតដែលជាទង្វើមិនអាចអត់ឱនឱ្យបាន។ មិនតែប៉ុណ្ណោះ ក្រសួងការពារជាតិ នឹងចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីនាំខ្លួនក្រុមអគតិជ្រុលនិយម និងអ្នកពាក់ព័ន្ធដទៃទៀតឱ្យមកទទួលខុសត្រូវពេញលេញចំពោះមុខច្បាប់ឱ្យបានជាដាច់ខាត។
តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ ឃ្លីបវីដេអូជាភាសាចិនដែលចោទប្រកាន់ថ្នាក់ដឹកនាំក្រសួងថាធ្វើរដ្ឋប្រហារទម្លាក់រាជរដ្ឋាភិបាល បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែសីហា ស្របពេលដែលក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយចំនួន បានបំភ្លៃការពិតពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ហៅកាត់ថា CLV-DTA ជាលេសបំផុសបំផុល ញុះញង់ អុជអាល និងអូសទាញប្រជាពលរដ្ឋស្លូតត្រង់ក្នុងស្រុកឱ្យចូលរួមធ្វើកុបកម្មហិង្សាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ទន្ទឹមនឹងនេះ ក្រសួងការពារជាតិ បានសង្កត់ធ្ងន់ថា ជានិច្ចកាលកងកម្លាំងមានភាពស្មោះត្រង់ដាច់ខាតចំពោះរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតពីការបោះឆ្នោត និងប្រកាន់ជំហរយ៉ាងរឹងមាំឥតងាករេក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងរដ្ឋធម្មនុញ្ញ។ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយចោទប្រកាន់ថ្នាក់ដឹកនាំក្រសួងបែបនេះ ត្រូវបានក្រសួងការពារជាតិចាត់ទុកជាការញុះញង់ដ៏អាក្រក់ និងគួរឱ្យស្អប់ខ្ពើមបំផុត។
យ៉ាងណាមិញ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ហៅកាត់ថា CLV-DTA នេះ ក៏នៅមានប្រជាពលរដ្ឋខ្មែរក្នុងស្រុកនិងក្រៅស្រុកមួយចំនួនបានសម្តែងនូវការមិនពេញចិត្តចំពោះគម្រោងនេះ។ កន្លងទៅថ្មីៗក៏មានពលករខ្មែរដែលធ្វើការនៅប្រទេសកូរ៉េ និងជប៉ុនមួយចំនួន បានផ្ទុះការតវ៉ាប្រឆាំងទៅនឹងគម្រោង CLV-DTA នេះផងដែរ។ ជុំវិញភាពចម្រូងចម្រាសនៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាមនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញមកពន្យល់ប្រជាពលរដ្ឋ ក៏ដូចជាសារធារណជនម្តងហើយម្តងទៀត។
ជាក់ស្តែង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បានចេញមកបញ្ជាក់បន្ថែមជាថ្មីម្តងទៀតតាមរយៈសារសំឡេងពិសេសថា ការអភិវឌ្ឍន៍តំបន់ CLV មិនមែនជាការកាត់ដីឱ្យជនបរទេសណាទេ ហើយក៏មិនមែនដាក់ជាភាគហ៊ុននោះដែរ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ឱ្យយុវជន និងប្រជាពលរដ្ឋខ្មែរចាំឱ្យបានច្បាស់អំពីពាក្យថា ការអភិវឌ្ឍរួម និងកិច្ចសហប្រតិបតិ្តការ ហើយប្រហែលជាមានការយល់ច្រឡំលើរាជរដ្ឋាភិបាលកម្ពុជាក្នុងការដាក់ខេត្តទាំង៤នោះជាការអភិវឌ្ឍរួម។ ដោយឡែក សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា មិនបានដាក់ខេត្តទាំង៤នោះជាការអភិវឌ្ឍរួមនោះទេ ព្រោះរាជរដ្ឋាភិបាលគ្មានសិទ្ធិនឹងយកដីខ្មែរទៅដាក់រួមជាមួយប្រទេសណាឡើយ៕