ឆែកឃើញសាច់ជ្រូកបង្កកខូចគុណភាពជាង១តោននៅលើរថយន្ត១គ្រឿង

កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ បានឃាត់រថយន្តមួយគ្រឿងឆែកឆេររកឃើញសាច់ជ្រូកបង្កកសរុប២០កេស ស្មើនឹង ១,៣១៥គីឡូក្រាម (ជាង១តោន) ដែលខូចគុណភាពនិងគ្មានលិខិតអនុញ្ញាត។ ការឃាត់ឆែកឆេររថយន្តនេះ បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងមានការបញ្ជាផ្ទាល់ពីលោក ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់។

បើតាមស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ រថយន្តខាងលើម៉ាក Hyundai starex ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BF-8156 ត្រូវបានកម្លាំងជំនាញឃាត់យកមករក្សាទុកបណ្តោះអាសន្ននៅស្នងការដា្ឋននគរបាលខេត្ត។ ក្រោយមានការសម្របសម្រួលពី កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ សមត្ថកិច្ចបានឆែកឆេរកឃើញផលិតផលជ្រូកបង្កកសរុបចំនួន២០កេស ស្មើនឹង ១,៣១៥គីឡូក្រាម។ ក្នុងករណីនេះ សមត្ថកិច្ចបានប្រគល់វត្ថុតាងនឹងរថយន្តទៅឱ្យជំនាញបសុពេទ្យដើម្បីបន្តនិតិវិធី។

ក្រោយឆែកឆេ និងពិនិត្យឃើញថា សាច់ក្លាសេនេះខូចគុណភាព (មានសភាពប្រែពណ៌ខុសធម្មតា មានក្លិនស្អុយ) ដែលអាចបណ្ដាលឱ្យមានផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដូច្នេះសមត្ថកិច្ចជំនាញក៏បានសុំគោលការណ៍ទៅលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីដុតកម្ទេចចោល នៅវេលាម៉ោង ១៥និង៥៨នាទីរសៀលផងដែរ។

«សាច់ជ្រូកបង្កកទាំង ១,៣១៥គីឡូក្រាមនេះ ក្នុងនោះមាន៖ ឆ្អឹងជំនីជ្រូក ២៧៤គីឡូក្រាម, ក្រលៀនជ្រូក ៦០គីឡូក្រាម, ជើងជ្រូក ៧២គីឡូក្រាម, ក្រពះជ្រូក ៤៤៤គីឡូក្រាម, អណ្ដាតជ្រូក ១២៤គីឡូក្រាម, ពោះ-ច្រមុះជ្រូក ៦២គីឡូក្រាម, បេះដូង និងខួរជ្រូក ៧៦គីឡូក្រាម, ត្រចៀក-ក្រពះជ្រូក ៦៨គីឡូក្រាម, បេះដូងជ្រូក ៦៩គីឡូក្រាម និងក្រចកជ្រូក ៦៦គីឡូក្រាម»។ នេះបើតាមការបញ្ជាក់របស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។

គួរជម្រាបថា កាលពីពេលកន្លងទៅ មន្រ្តីជំនាញ ក៏បានបង្ក្រាបការនាំចូលសាច់បង្កកដែលជាទំនិញហាមឃាត់នាំចូល និងខូចគុណភាពប្រើប្រាស់បានជាបន្តបន្ទាប់ផងដែរ។ ជាក់ស្តែង កាលពីអំឡុងខែ កក្កដា ឆ្នាំ២០២៤ មន្រ្តីជំនាញ បានបង្ក្រាបបំណែកសាច់បង្កកដែលមានចំនួនច្រើនបំផុតរហូតដល់ ១៧,១៩៣ គីឡូក្រាម ដើម្បីយកទៅដុតកម្ទេចចោល។ បំណែកសាច់បង្កកចំនួន ១៧,១៩៣ គីឡូក្រាមនេះ រួមមាន គល់ស្លាបមាន់បង្កក ៣,២៧៨ គីឡូក្រាម និងចុងស្លាបមាន់បង្កក ១៣,៩១៥ គីឡូក្រាម ត្រូវបានបង្ក្រាបនាពេលដឹកជញ្ជូនតាមរថយន្ត ៥គ្រឿង ក្នុងភូមិសាស្ត្រស្រុកអង្គរបុរី ខេត្តតាកែវ។

បើតាមសេចក្ដីជូនដំណឹងរួមពីក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីអំឡុងខែមករា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យផ្អាកជាបណ្ដោះអាសន្ននូវការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ដែលមានលេខប្រព័ន្ធសុខដុមនីយកម្ម និងនាមវលីគយចំនួន ៦ខែ ចាប់ពីថ្ងៃទី១២ ខែមីនា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ ការអនុវត្ដដូច្នេះយោងតាមការសម្រេចរបស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត ប៉ុន្ដែវិធានការនេះមិនអនុវត្ដចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្ដិគ្រប់គ្រាន់(គ.ល.គ) ដែលនាំចូលទំនិញខាងលើ សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្មសម្រាប់ការនាំចេញឡើយ។

ចំពោះការផ្អាកការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ដែលមានលេខប្រព័ន្ធសុខដុមនីយកម្ម និងនាមវលីគយនេះ មានដូចជា អណ្តាតនៃសត្វគោក្របីបង្កក ថ្លើមគោក្របីបង្កក គ្រឿងក្នុង (Offal) បង្កកផ្សេងទៀត នៃសត្វគោក្របី ដែលអាចបរិភោគបានក្រៅពីអណ្តាត និងថ្លើមនៃសត្វជ្រូកបង្កក។

ភាគបំណែកសាច់និងគ្រឿងក្នុង (Offal) ផ្សេងទៀត ក្រៅពីថ្លើម នៃសត្វជ្រូក ដែលអាចបរិភោគបាន បង្កក ថ្លើមនៃសត្វមាន់បង្កក សាច់និងគ្រឿងក្នុង (Offal) បង្កកផ្សេងទៀតនៃសត្វមាន់ ដែលអាចបរិភោគបាន ក្រៅពីស្លាប ទាំងមូល ភ្លៅ ថ្លើម និងសាច់ដែលត្រូវបានយកឆ្អឹងចេញ ពោះវៀន ប្លោក និងក្រពះ ទាំងមូល ឬជាផ្នែក នៃសត្វ (លើកលែងត្រី) ស្រស់ ក្លាស្សេ បង្កក ប្រឡាក់អំបិល ត្រាំទឹកអំបិល សម្ងួត ឬឆ្អើររួច៕

Leave a Reply

Your email address will not be published. Required fields are marked *