ជនត្រូវចោទចំនួន២នាក់ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ចេញដីកាបង្គាប់ឱ្យ ឃុំខ្លួនបណ្តោះអាសន្នពីបទ រួមគំនិតក្បត់ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់។ ការសម្រេចឃុំខ្លួនជនត្រូវចោទទាំង២នាក់នេះ បើតាមអ្នកនាំពាក្យសាលាដំបូងខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ដើម្បីចាត់ការបន្តតាមនីតិវិធី បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងបានពិនិត្យភស្តុតាងនានាក្នុងសំណុំរឿងដែលសាលាដំបូងខេត្តទទួលបាននាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។ អ្នកនាំពាក្យសាលាដំបូងខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការប្រព្រឹត្តរបស់ជនត្រូវចោទ ទាំង២នាក់ គឺជាការប្រឆាំងនឹងសន្តិសុខជាតិ ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខសន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខរួមរបស់ប្រជាជនកម្ពុជា នៅទូទាំងប្រទេស តុលាការនឹងអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងតឹងរ៉ឹងបំផុត។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់នៅថ្ងៃទី១៦ ខែសីហានេះ បានឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ បានចុះប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេតគណនីហ្វេសប៊ុក ដែលប្រើប្រាស់ដោយឈ្មោះ សុក ជា ហៅ វាសនា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងបានឃាត់ខ្លួនបុគ្គលរូបនេះ ដកហូតបានទូរសព្ទម៉ាក Iphone ពណ៌សចំនួន១គ្រឿង។
ដោយឡែក ជនសង្ស័យម្នាក់ទៀត ឈ្មោះ សន ច័ន្ទសាន ហៅ ញ៉េង ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរជាងផ្ទះ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ ឃាត់ខ្លួននៅថ្ងៃទី១៥ ខែសីហា ព្រមទាំងដកហូតបានទូរសព្ទម៉ាក VIVO ពណ៌ខៀវ ចំនួន១គ្រឿង។ ការឃាត់ខ្លួនជនសង្ស័យនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ច កាលពីថ្ងៃទី១៣សីហា ក្នុងប្រតិបត្តិការចុះស្រាវជ្រាវស៊ើបអង្កេតគណនី TikTok ដែលប្រើប្រាស់ដោយបុគ្គលរូបនេះ ក្រោយពីបានសរសេរអត្ថបទក្នុងន័យកៀរគរមហាជនឱ្យចូលរួមបាតុកម្មផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ជនសង្ស័យខាងលើ មានទីលំនៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បានគូសបញ្ជាក់ថា ជនសង្ស័យឈ្មោះ សុក ជា ហៅវាសនា ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់សម្រេចចោទប្រកាន់តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ពីបទ រួមគំនិតក្បត់ ប្រព្រឹត្តនៅភូមស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៨ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ ចំណែក ជនសង្ស័យឈ្មោះ សន ច័ន្ទសាន ហៅ ញ៉េង ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់សម្រេចចោទប្រកាន់តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ពីបទ រួមគំនិតក្បត់ ប្រព្រឹត្តនៅភូមិខ្លាក្រពើ ឃុំអន្លងត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៣ ខែសីហា។
ជនសង្ស័យទាំង២នាក់នេះ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ចោទប្រកានពីបទ រួមគំនិតក្បត់ ហើយចៅក្រមស៊ើបសួរបានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្នដាក់ពន្ធនាគារខេត្តពោធិ៍សាត់ តាមបញ្ញត្តិមាត្រា ៤៥៣នៃក្រមព្រហ្មទណ្ឌ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ។
បើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ថា ផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលដើម្បីដណ្តើមអំណាច តាមមធ្យោបាយក្រៅពីការបោះឆ្នោតតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ និងច្បាប់ជាធរមាននៃកម្ពុជា គឺជាបទឧក្រិដ្ឋកម្មធ្ងនធ្ងរដែលត្រូវផ្តន្ទាទោសក្រោម «បទល្មើសឧបឃាត» តាមបញ្ញត្តិមាត្រា ៤៥១ និងមាត្រា ៤៥២នៃក្របព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី១៥ឆ្នាំទៅ៣០ឆ្នាំ ហើយប្រសិនបើជនល្មើសជាអ្នករាជការសាធារណៈទោសសម្រាប់ «បទល្មើសឧបឃាត» ត្រូវដាក់ពន្ធនាគារអស់មួយជីវិត។
ចំពោះរាល់បុគ្គលទាំងឡាយដែលចូលរួមនៅក្នុងគម្រោងនេះ ត្រូវជាប់ទោសពី«បទល្មើសរួមគំនិតក្បត់» ដែលជាបទឧក្រិដ្ឋមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ ហើយទោសនេះ ត្រូវបន្ថែមស្ថានទម្ងន់ទោសដាក់ពន្ធនាគារពី១០ទៅ២០ឆ្នាំ ប្រសិនបើជនល្មើសគឺជាអ្នករាជការសាធារណៈ។ ដោយឡែក ចំពោះបុគ្គលណាដែលបានចូលរួមក្នុងអំពើរួមគំនិតក្បត់ខាងលើនេះ ហើយបុគ្គលនោះបានសារភាពចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច និងសហការឈានទៅបង្ក្រាបបទល្មើសនេះ នឹងត្រូវទទួលបានការលើកលែងឱ្យរួចផុតពីការទទួលទោស ដោយអនុលោមតាមបញ្ញត្តិមាត្រា៤៥៤នៃក្រមព្រហ្មទណ្ឌ។
សូមជម្រាបថា ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាមហៅកាត់ថា CLV –DTA នេះ ក៏នៅមានប្រជាពលរដ្ឋខ្មែរក្នុងស្រុកនិងក្រៅស្រុកមួយចំនួនបានសម្តែងនូវការមិនពេញចិត្តចំពោះគម្រោងនេះ។ កន្លងទៅថ្មីៗក៏មានពលករខ្មែរដែលធ្វើការនៅប្រទេសកូរ៉េ និងជប៉ុនមួយចំនួន បានផ្ទុះការតវ៉ាប្រឆាំងទៅនឹងគម្រោង CLV នេះផងដែរ។ ទន្ទឹមគ្នាក៏មានការបញ្ចេញសារជាសំឡេងឱ្យប្រជាពលរដ្ឋងើបឈរឡើង ដើម្បីធ្វើបាតុកម្មប្រឆាំងតវ៉ានឹងគម្រោង CLV-DTA នៅថ្ងៃទី១៨ ខែសីហា។
ជុំវិញភាពចម្រូងចម្រាសនៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម រាជរដ្ឋាភិបាលកម្ពុជា បានចេញមកពន្យល់ប្រជាពលរដ្ឋ ក៏ដូចជាសារធារណៈម្តងហើយម្តងទៀត។ ជាក់ស្តែង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បានចេញមកបញ្ជាក់បន្ថែមជាថ្មីម្តងទៀតតាមរយៈសារសំឡេងពិសេសថា ការអភិវឌ្ឍន៍តំបន់ CLV មិនមែនជាការកាត់ដីឱ្យជនបរទេសណាទេ ហើយក៏មិនមែនដាក់ជាភាគហ៊ុននោះដែរ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ឱ្យយុវជន និងប្រជាពលរដ្ឋខ្មែរចាំឱ្យបានច្បាស់អំពីពាក្យថា ការអភិវឌ្ឍរួម និងកិច្ចប្រតិបតិ្តការ ហើយប្រហែលជាមានការយល់ច្រឡំលើរាជរដ្ឋាភិបាលកម្ពុជាក្នុងការដាក់ខេត្តទាំង៤នោះជាការអភិវឌ្ឍរួម។ ដោយឡែក សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា មិនបានដាក់ខេត្តទាំង៤នោះជាការអភិវឌ្ឍរួមនោះទេ ព្រោះរាជរដ្ឋាភិបាលគ្មានសិទ្ធិនឹងយកដីខ្មែរទៅដាក់រួមជាមួយប្រទេសណាឡើយ៕