ដំណាំស្រូវសរុបប្រមាណ ៣,៤៣៧ហិកតា នៅខេត្តព្រៃវែង និងខេត្តស្វាយរៀង ស្ថិតក្នុងស្រុកស្វាយជ្រំ ក្នុងឃុំចំនួន៧ មានឃុំស្វាយយា ឃុំក្រោលគោ ឃុំស្វាយធំ ឃុំឈើទាល ឃុំគ្រួស ឃុំចំបក់ និងឃុំចំឡង កំពុងជួបបញ្ហារាំងស្ងួត ហើយនឹងប្រឈមស្ថានភាពខ្វះទឹក ប្រសិនបើមិនមានភ្លៀងធ្លាក់ក្នុងរយៈពេល ១សប្តាហ៍ទៀត។
ជុំវិញទៅនឹងការជួបបញ្ហាបែបនេះ លោកតន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមប្រចាំខេត្តស្វាយរៀង និងខេត្តព្រៃវែង រួមជាមួយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង និងខេត្តស្វាយរៀង ព្រមទាំងលោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានចុះពិនិត្យស្ថានភាពប្រភពទឹកទន្លេតូច ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម និងខេត្តព្រៃវែង។
ការចុះពិនិត្យស្ថានភាពទឹកទន្លេតូចនៅពេលនេះ ត្រូវបានលោករដ្ឋលេខាធិការក្រសួងធនធានទឹក បានបញ្ជាក់ថា គឺដើម្បីបើកទ្វារទឹកឱ្យហូរកាត់តាមប្រព័ន្ធប្រឡាយវ៉ៃគោជំហាន១ មកជួយសង្គ្រោះស្រូវនៅប៉ែកខាងក្រោមក្នុងខេត្តព្រៃវែង និងបន្តហូរចូលតាមប្រព័ន្ធប្រឡាយកូនភ្លោះ និងអាងទឹកកំពង់ជ្រៃ ដើម្បីជួយសង្គ្រោះស្រូវក្នុងខេត្តស្វាយរៀង នៅស្រុកស្វាយជ្រំចំនួន ៧ឃុំ ស្មើនឹង៣,១០២គ្រួសារ។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានឱ្យដឹងថា មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង នឹងបើកទ្វារទឹកតាមប្រព័ន្ធប្រឡាយវ៉ៃគោជំហាន១ ជាបណ្ដើរៗ ដើម្បីបញ្ជូនទឹកទៅកាន់តំបន់ដែលជួបប្រទះភាពរាំងស្ងួតប្រឈមនឹងការខ្វះទឹក។
គួរបញ្ជាក់ថា ស្ថានភាពការងារបង្កបង្កើនផលស្រូវវស្សារបស់ប្រជាកសិករនៅតាមបណ្ដាក្រុង ស្រុក នៅក្នុងខេត្តស្វាយរៀង សរុបបានចំនួន ១៤៣,៦៨១ហិកតា ស្មើនឹង ៨៥,៧៨ភាគរយ នៃផែនការគ្រោងចំនួន ១៦៧,៥០០ហិកតា៕