មន្រ្តីជំនាញបានឆែកឆេររកឃើញផលិផលអំបោះដេររបួសម៉ាក ETHILON ក្លែងបន្លំ គ្មានប្រភពច្បាស់លាស់ និងរំលោភកម្មសិទ្ធបញ្ញាចំនួន ១,០៩៥ប្រអប់ នៅឱសថស្ថានចំនួន៣ទីតាំង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ។ នេះបើតាមការឱ្យដឹងពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.)។
តាមរយៈរបាយការណ៍របស់អគ្គនាយករដ្ឋាន ក.ប.ប. បានបញ្ជាក់ថា មន្រ្តីជំនាញនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញ ចូលរួមសហការជាមួយនាយកដ្ឋាននគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ តំណាងសុខាភិបាល ដែលដឹកនាំនិងក្រោមការសម្របសម្រួលដោយលោក ស៊ីន រក្សា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យឆែកឆេរផលិផលអំបោះដេររបួសម៉ាក ETHILON ក្លែងបន្លំ គ្មានប្រភពច្បាស់លាស់ និងរំលោភកម្មសិទ្ធបញ្ញា របស់ក្រុមហ៊ុនJohnson &Johnson ចំនួន ៣ទីតាំងឱសថស្ថាន។
ប្រតិបត្តិការត្រួតពិនិត្យឆែកឆេរនេះ ជាលទ្ធផល មន្រ្តីជំនាញបានរកឃើញផលិតផលចំនួន ១,០៩៥ប្រអប់ និងត្រូវបានដកហូតដោយបញ្ជូនវត្ថុតាងទាំងនេះទៅរក្សារទុកនៅនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធី៕