នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា «នៅវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ កម្លាំងប្រតិបត្តិការរុករក នៃកងយោធពលខេមរភូមិន្ទ បានប្រទះឃើញអាកាសយានិកម្នាក់ទៀត ឈ្មោះ ស៊ុន ផល្លា ដែលគាត់បានពលីនៅចំណុចជើងភ្នំយ៉ាវយ៉ៃ ចម្ងាយប្រមាណ២១០ម៉ែត្រពីចំណុចឧទ្ធម្ភាគចក្រធ្លាក់»។
សូមជម្រាបថា សាកសពមមនុស្សម្នាក់ឈ្មោះខេង ឆៃយុទ្ធ ជាអាកាសយានិក បានរកឃើញ បន្ទាប់ពីកងកម្លាំងរុករកបានរកឃើញឧទ្ធម្ភាគចក្រដែលធ្លាក់នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឧទ្ធម្ភាគចក្រនេះ ត្រូវបានប្រទះឃើញពីលើអាកាស បន្ទាប់ពីអាកាសធាតុអំណោយផល។
ចំណែក បេសកកម្មរុករកឧទ្ធម្ភាគចក្រមួយគ្រឿងនិងមនុស្ស២រូបដែលបាត់ការទាក់ទងនេះ ត្រូវបាននាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនាយសេនា ធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បញ្ជាក់ថា «មធ្យោបាយរុករកឧទ្ធម្ភាគចក្រដែលបាត់ដំណឹងនោះ យើងប្រើឧទ្ធម្ភាគចក្រ ដ្រូន កងទ័ពថ្មើរជើង មកពីខាងកងទ័ពជើងអាកាស កងទ័ពជើងគោក និងកងទ័ពពិសេស ដែលសរុបជាង១ពាន់នាក់។
សូមរម្លឹកថា ឧទ្ធម្ភាគចក្រខាងលើបានបាត់ការទាក់ទង កាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងអំឡុងពេលហោះហើរហ្វឹកហ្វឺន ដែលមានទិសដៅហ្វឹកហ្វឺនពីភ្នំពេញទៅថ្មដា ពីថ្មដាទៅពោធិ៍សាត់ និងពីពោធិ៍សាត់មកភ្នំពេញវិញ ហើយបានបាត់បង់ការទាក់ទងពីទីបញ្ជាការទ័ពអាកាសក្នុងពេលកំពុងហាត់ហ្វឹកហ្វឺន៕