ភ្នំពេញ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ Maria Amelita C. Aquino ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វីលីពីន។ ជាពិសេសការពង្រឹងការអនុវត្តច្បាប់ ដើម្បីបុព្វហេតុសន្តិសុខ និងការអភិវឌ្ឍរីកចម្រើននៃប្រទេសទាំងពីរ។
ការគូសបញ្ជាក់ពីប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជា បានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅក្រសួងមហាផ្ទៃ។
នៅក្នុងជំនួបនោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញការកត់សម្គាល់អំពីកិច្ចសហការដ៏ល្អ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍មកនេះ និងដែលកំពុងបន្តរីកចម្រើនឥតឈប់ឈរឆ្ពោះទៅអនាគត៕