តំបន់ជុំវិញវត្តភ្នំ និងតំបន់មួយចំនួននៅទួលគោក នឹងលែងលិចលង់ ក្រោយពីគម្រោងការពារទឹកជំនន់ ជំហានទី៤ របស់ជប៉ុន ដាក់អោយដំណើរការ

ភ្នំពេញ ៖ តំបន់ជុំវិញវត្តភ្នំ និងតំបន់មួយចំនួននៅទួលគោក នឹងលែងលិចលង់ក្រោយពីគម្រោងការពារទឹកជំនន់ ជំហានទី៤ របស់ជប៉ុន ដាក់អោយដំណើរកាក្នុង១ម៉ោង តំបន់ដែលធ្លាប់លិចលង់ធ្ងន់ធ្ងរ ដូចជាជុំវិញវត្តភ្នំ ផ្លូវ៤៧និងផ្លូវចំនួន១១កន្លែងទៀតមិនរងការលិចលង់ទៀតទេ ក្រោយពីសមិទ្ឋផល នៃគម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ឋប្រឡាយ លូ ក្នុងរាជធានីភ្នំពេញ ជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន ត្រូវបានដាក់ឱ្យដំណើរការជាបណ្តោះអាសន្នទៅ។

មន្រ្តីជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ឱ្យដឹងយ៉ាងដូច្នេះថា សមិទ្ឋផលនៃគម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ឋប្រឡាយ លូ ក្នុងរាជធានីភ្នំពេញ ជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន ជំហានទី៤ ត្រូវបានដាក់សម្ពោធអោយប្រើប្រាស់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២០ខែមេសាឆ្នាំ២០២២នេះ ។ គម្រោងនេះ បាននិងកំពុងដោះស្រាយបញ្ហាទឹកលិចនៅតំបន់ជុំវិញ និងខាងជើងរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងខណ្ឌដូនពេញ និងតំបន់ភូមិសាស្ត្រសង្កាត់បឹងកក់ទី១ សង្កាត់បឹងកក់ទី២ ក្នុងខណ្ឌទួលគោក ដោយបានចំណាយថវិកាអស់ចំនួន ៣.៦៨០.៦០៨.០០០យ៉េនជប៉ុន ត្រូវជាប្រមាណ៣៦លានដុល្លាអាមេរិក ។

គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ឋប្រឡាយ លូ ក្នុងរាជធានីភ្នំពេញ ការងាររួមមាន៖ ១-ស្ថាបនាដាក់បណ្តាញលូខ្នាតធំប្រវែង១២.៦គម។ ២-សាងសង់អាងស្តុកទឹកក្រោមដី ក្រោមសួនច្បារមាត់ទន្លេ ទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានទំហំបណ្តោយ១៣៥ម ទទឹង ១៣.៥ម ជម្រៅ ៤ម មានសមត្ថភាពស្តុកទឹកបាន៦៥០០ម៉ែត្រគូប និងសង់ស្ថានីយ៍បូមទឹកមានសមត្ថភាពបូមទឹក១.៤ម៉ែត្រគូបក្នុង១វិនាទី។ ៣-បំពាក់ម៉ាស៊ីនរបារត្រងសំរាមមេកានិកស្វ័យប្រវត្តិចំនួន ៥កន្លែង នៅមុខអាងស្តុកទឹកក្រោមដី តាមមាត់ទន្លេ រួមមាននៅ អាងក្រោមដីសួនច្បារទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សួនច្បារផ្សារចាស់ សួនច្បារព្រះគន្លង់១ សួនច្បារព្រះគន្លង់២ និងសាលសន្និសីទចតុមុខ។និងទី៤-ជំនួយរថយន្តបូមទឹកចល័តចំនួន ២គ្រឿងទៀតផង។

មន្រ្តីខាងលើបានបញ្ជាក់ទៀតថា តាមរយៈនៃការដាក់អោយដំណើរការជាបណ្តោះអាសន្នកាលពីខែតុលាឆ្នាំ២០២១កន្លងមកឃើញថា ក្នុងករណីភ្លៀងធ្លាក់កម្រឹតក្រោម ៤០មម ក្នុង១ម៉ោង តំបន់ដែលធ្លាប់លិចលង់ធ្ងន់ធ្ងរដូចជាជុំវិញវត្តភ្នំ ផ្លូវលេខ៤៧ ផ្លូវលេខ៩០ ផ្លូវលេខ៩២ ផ្លូវលេខ៥៩៦ ផ្លូវលេខ៥៩២ ផ្លូវលេខ៣១៥ ផ្លូវលេខ២៨៩ ផ្លូវលេខ ២៨៧ ផ្លូវលេខ៦០៨ ស្តុបផ្សារមាន់អាំង មុខវិទ្យាល័យឥន្ទ្រទេវី ស្តុបផ្ទះសំណាក់ស្រែលាប មិនលិចលង់ទៀតទេ ប៉ុន្តែបើករណីភ្លៀងធ្លាក់ខ្លាំងលើសពី៤០មមក្នុង១ម៉ោង ទឹកដែលធ្លាប់លិចលង់រយៈពេល៣ម៉ោងទៅ៤ម៉ោង បានកាត់បន្ថយមកនៅត្រឹម៣០នាទីទៅ១ម៉ោងប៉ុណ្ណោះ ក្រោយពីភ្លៀងរួច៕

 

Leave a Reply

Your email address will not be published. Required fields are marked *