លោកទូតឡាវ បង្ហាញការជឿជាក់ថា កម្ពុជានឹងបន្តចម្រើនលូតលាស់ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ ៖ លោក បួរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូតឡាវ បានសម្តែងការសាទរចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលទទួលបានការគាំទ្រជានាយករដ្ឋមន្ត្រីរបស់កម្ពុជាសម្រាប់នីតិកាលថ្មី។ លោកឯកអគ្គរដ្ឋទូត បានបង្ហាញជំនឿចិត្តថា កម្ពុជា នឹងបន្តចម្រើនលូតលាស់ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

លោកឯកអគ្គរដ្ឋទូតឡាវ បានគូសរំលេចបែបនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅនារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ។

ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត ក៏បានលើកទ្បើងផងដែរថា ចំណងមិត្តភាពឡាវ-កម្ពុជា ក្នុងនាមជាអ្នកជិតខាងដ៏ល្អ គឺមានដានប្រវត្តិសាស្ត្រអស់រយៈកាលជាយូរលង់ ហើយមូលដ្ឋានដ៏ល្អនេះ ក៏នឹងរួមចំណែកបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ ឱ្យកាន់តែមានការរីកចម្រើនរីកលូតលាស់ទៅមុខ បន្ថែមពីលើពីកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ នៅក្នុងវិស័យអប់រំ, ទេសចរណ៍ និងឧស្សាកម្មជាដើម។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះវត្តមានរបស់លោកឯកអគ្គរដ្ឋទូត និងសហការី ក្នុងជំនួបនេះ ដើម្បីពិភាក្សាអំពីទិសដៅនៃការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ សម្តេចធិបតី ក៏បានរំឭកផងដែរអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបមុនៗរវាងសម្តេចធិបតី ជាមួយនាយករដ្ឋមន្ត្រីឡាវ ចំនួនពីរដងក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងការចូលរួមក្នុងកម្មវិធីពិព័រណ៍ចិន-អាស៊ានលើកទី២០ នៅក្នុងប្រទេសចិន។

ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានបញ្ជាក់បន្ថែមថា ពិតមែនតែចំណងការទូតផ្លូវការរវាងប្រទេសទាំងពីរ មានរយៈពេលតែ ៦៧ឆ្នាំ ប៉ុន្តែទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ពិតមានលក្ខណៈប្រវត្តិសាស្ត្រយូរអង្វែង។

សម្តេចធិបតី ក៏បានរំឭកផងដែរអំពីលទ្ធផលនៃជំនួបជាមួយប្រធានាធិបតីឡាវ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការក្នុងមុខតំណែងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ របស់សម្តេចធិបតី ទៅកាន់ប្រទេសឡាវ កាលពីឆ្នាំ២០២២។ ក្នុងពេលនោះ លោកប្រធានាធិបតីឡាវ បានបញ្ជាក់អំពីបំណងក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងរដ្ឋាភិបាល, ស្ថាប័នសភា, ប្រជាជន និងកងទ័ព ក៏ដូចជារវាងយុវជននៃប្រទេសទាំងពីរ។ ចំពោះកិច្ចសហប្រតិបត្តិការផ្នែកយោធា សម្តេចធិបតី បានជំរុញ និងលើកទឹកចិត្តឱ្យបន្តអនុវត្ត «លំហាត់រួមត្រីភាគីស្តីពីការសង្គ្រោះគ្រោះមហន្តរាយកម្ពុជា-ឡាវ-វៀតណាម (CLV)» ដែលត្រូវបានរៀបចំឡើងកាលពីខែកញ្ញា ឆ្នាំ២០២២កន្លងទៅ។

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកឯកអគ្គរដ្ឋទូតឡាវ បានឯកភាពគ្នាលើទិសដៅនៃការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន៖ វិស័យថាមពល, ទេសចរណ៍, ពាណិជ្ជកម្ម, ការបោះបង្គោលព្រំដែន និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធស្ពាន-ផ្លូវជាដើម។ល៕

Leave a Reply

Your email address will not be published. Required fields are marked *