កណ្តាល៖ រណ្ដៅដីខុសច្បាប់ជាច្រើននៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល សង្ស័យលោកចៅហ្វាយស្រុកនេះមានការគប់គិតគ្នាជាប្រព័ន្ធជាមួយក្រុមឈ្មួញដី ។ នេះបើតាមប្រជាពលរដ្ឋល្អបានឲ្យបណ្ដាញព័ត៌មានយើង ដឹងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ ។
ប្រជាពលរដ្ឋបានលើកឡើងថា មានរណ្តៅដីខុសច្បាប់ជាច្រើនកន្លែងក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ហើយរណ្តៅដីទាំងនោះ សង្ស័យមានការជាប់ពាក់ព័ន្ធជាមួយលោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹង និងមានអ្នកពាក់ព័ន្ធផ្សេងទៀតជាច្រើន។
តាមក្រុមប្រជាពលរដ្ឋដដែល បានបញ្ជាក់ឲ្យដឹងទៀតថា នៅក្នុងឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង គឺមានរណ្តៅដីជាច្រើនកន្លែងត្រូវបានគេជីកយ៉ាងជ្រៅ យកអាចម៍ដីលក់យ៉ាងជ្រៅ ស្ទើរដល់ក្បាលប្រែត ដែលសកម្មភាពនេះគឺសុទ្ធតែជារណ្ដៅដីដែលខុសច្បាប់ ហើយមានការគប់គិតគ្នារវាងម្ចាស់រណ្ដៅ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល និងអាជ្ញាធរស្រុកកណ្តាលស្ទឹង តែម្តង។
បើតាមក្រុមមន្ត្រីស្រុកកណ្តាលស្ទឹងដែលមិនបានផលរមាស់ពីរណ្តៅដីទាំងនោះ បានឲ្យដឹងផងដែរថា ករណីរណ្តៅដី ភាគច្រើនអត់ច្បាប់ត្រឹមត្រូវទេ ជួនកាលអាជ្ញាប័ណ្ណត្រឹមខេត្ត ប៉ុន្តែជាក់ស្តែងគេជីកដល់ក្បាលប្រែត ដែលនេះហើយគឺខុសច្បាប់ ប៉ុន្តែបើមិនមានការពាក់ព័ន្ធគ្នាជាមួយមន្ត្រីជំនាញទាំងនោះទេ គឺគ្មានម្ចាស់រណ្ដៅណាមួយអាចហើរផុតឡើយអាជ្ញាធរមូលដ្ឋាននេះឡើយ និយាយរួម គេត្រូវរ៉ូវគ្នាជាចង្កោមតែម្ដង។
បើយោងតាមការបែកធ្លាយពីម្ចាស់រណ្ដៅដីខុសច្បាប់នោះបានឲ្យដឹងដែរថា ដីគាត់មានទំហំធំណាស់ ហើយគាត់សុំច្បាប់ទៅក្រសួងរ៉ែចំនួន០២ឆ្នាំហើយ នៅមិនទាន់បានអាជ្ញាប័ណ្ណទេ ហើយគាត់ក៏បានជីកយកអាចម៍លក់រាប់ខែមកហើយ ដោយយកលុយទៅជួយអ្នកនេះ ជួយអ្នកនោះ រាប់ពាន់ដុល្លារ ជាថ្នូរនឹងការ គេមិនរករឿង។
ពាក់ព័ន្ធនឹងករណីខាងលើនេះដែរអង្គភាពយើងមិនទាន់អាចសុំការបំភ្លឺពី លោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹង បានទេ។
អង្គភាពយើងរង់ចាំការបកស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ ៕