មេដឹកនាំកម្ពុជា ថៃ ចាប់ផ្តើមកិច្ចប្រជុំពិភាក្សានៅវិមានសន្តិភាព


ភ្នំពេញ ÷ ឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha THAVISIN)  នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលថៃ អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូង នៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ។ 

នាយករដ្ឋមន្រ្តីថៃ អញ្ជើញមកដល់រាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជា, មេដឹកនាំទាំងពីរចាប់ផ្តើមកិច្ចប្រជុំពិភាក្សានៅវិមានសន្តិភាព ។

តាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានប្រកាសថា ក្នុងអំ ឡុងពេលទស្សនកិច្ចនៅកម្ពុជា លោក នាយករដ្ឋមន្រ្តីថៃ នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅមណ្ឌបព្រះបរមរូប។

នាយករដ្ឋមន្ត្រីទាំងពីរនឹងមានជំនួបទ្វេភាគី ក្នុងគោលបំណងកំណត់ទិសដៅសកម្មភាព ដើម្បីធ្វើឱ្យកាន់តែស៉ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ភាគីទាំងពីរក៏នឹងផ្លាស់ប្តូរទស្សនៈ ស្តីពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍និងក្តីបារម្ភរួម។ បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំងពីរនឹងធ្វើការប្រគល់ទទួលនូវ «មជ្ឈមណ្ឌលសំចតនិងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្សនិងក្រុមជនងាយរងគ្រោះដទៃទៀត» ដែលមានទីតាំងស្ថិតនៅក្រុងប៉ោយប៉ែត ដែលជាគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការទ្វេភាគី៕

Leave a Reply

Your email address will not be published. Required fields are marked *