ព្រឹកស្អែកសម្តេចធិបតី ហ៊ុន ម៉ាណែត បន្តចុះជួបកម្មករជិត ២ម៉ឺននាក់ លើកទី៤ នៅស្រុកបាទី


ភ្នំពេញ ៖ នៅព្រឹកស្អែក ថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,១០៤នាក់ទៀត មកពីរោងចក្រ សហគ្រាសនានា ក្នុងស្រុកបាទី ខេត្តតាកែវ ហើយក៍ជាជុំនួបលើកទី៤ ។

បើតាមលោកបណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដងថា កម្មករ និយោជិតដែលចូលរួមក្នុងពិធីសំណេះសំណាលនេះ មកពីរោងចក្រ សហគ្រាសចំនួន១៨។ រោងចក្រ សហគ្រាសទាំង១៨នេះ មានរោងចក្រកាត់ដេរចំនួន១៣, ផលិតផលធ្វើដំណើរ និងកាបូបចំនួន២, ដេរស្បែកជើងចំនួន២ និងរោងចក្របោកគក់សម្លៀកបំពាក់ចំនួន១ នឹងមានកម្មការិនីមានផ្ទៃពោះចំនួន ៦៩៤នាក់ផងដែរ។

លោករដ្ឋមន្ត្រី បានឱ្យដឹងដែរថា បច្ចុប្បន្នខេត្តតាកែវ មានរោងចក្រ សហគ្រាសចំនួន២៣៣ និងមានកម្មករ និយោជិតកំពុងបម្រើការងារសរុប ៦ម៉ឺន ៨ពាន់នាក់ ដែលផ្តល់ប្រាក់ឈ្នួលសរុបប្រមាណ ២០៩លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរមានចំនួន៦៦ ផ្តល់ការងារជូនកម្មករ និយោជិតសរុបប្រមាណ ៥ម៉ឺន ៨ពាន់នាក់ ផ្តល់ប្រាក់ឈ្នួលសរុបជាង ១៨២លានដុល្លារក្នុងមួយឆ្នាំ។

 ខេត្តតាកែវ ឈរនៅលំដាប់ទី៤ ជាខេត្តមានការអភិវឌ្ឍន៍រោងចក្រ សហគ្រាសច្រើនជាងគេបន្ទាប់ពីរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ៕

Leave a Reply

Your email address will not be published. Required fields are marked *