សម្តេចអធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ ទីក្រុងប៉េកាំងប្រកបដោយសុវត្ថិភាព

ប៉េកាំង ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព និងទទួលស្វាគមន៍ដោយ ឯកឧត្តម ណុង រ៉ុង (Nong Rong) អនុរដ្ឋមន្ត្រីការបរទេស អមដំណើរដោយ លោកជំទាវ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន, រសៀលថ្ងៃព្រហស្បតិ៍ ទី១៤ កញ្ញា ២០២៣។  

ដំណើរបំពេញទស្សនកិច្ច ផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ហើយនេះជាដំណើរបំពេញទស្សនកិច្ចផ្លូវ ការលើកដំបូង បន្ទាប់ពីសម្តេចមហាបវរធិបតី ទទួលបានការគាំទ្រពីប្រជាជន និងរដ្ឋសភា ឱ្យ ដឹកនាំរាជរដ្ឋាភិបាលនីតកាលថ្មី កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ។

ក្នុងដំណើរទស្សនកិច្ច សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន, ឯកឧត្តម ចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនចិន។ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិនទាំងពីររូបនេះ នឹងមានកិច្ចពិភាក្សាផ្លាស់ប្តូរទស្សនៈលើប្រធានបទមួយចំនួន រួមមានការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ការជំរុញបន្ថែមកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ទិសដៅយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ព្រមទាំងកិច្ចការតំបន់និងអន្តរជាតិ ដែលផ្ដល់ផលប្រយោជន៍រួម៕

 

Leave a Reply

Your email address will not be published. Required fields are marked *