ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ÷បណ្តាំសម្តេចតេជោ ទូន្មានកាលខ្ញុំនៅពីក្មេងថា «កុំទុកខ្លួនជាកូននាយករដ្ឋមន្ត្រី ត្រូវទុកខ្លួនជាចៅរបស់កសិករ ហើយត្រូវនៅជាប់ជាមួយកសិករ»

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជាឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានរំលឹកបណ្តាំរបស់សម្តេចតេជោ ហ៊ុន សែន ទូន្មានកាលពីក្មេងថា កូនឯងហាមដាច់ខាត កុំឱ្យគិតថាខ្លួនជាកូននាយករដ្ឋមន្ត្រី តែត្រូវប្រកាន់ខ្លួនថាជាចៅរបស់កសិករ ជាប្រចាំ ព្រោះតា យាយកូនឯងជាកសិករទេ កុំភ្លេចកំណើត ត្រូវនៅជាប់ជាមួយប្រជាពលរដ្ឋ។

ការរំលឹកដំបូលន្មានបែបនេះរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានអញ្ជើញចុះជួបកម្មករជិត ២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជាវេទិកាសារធារណៈលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ។

នាឱកាសនោះដែរ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ឥទ្ធិពលកើតចេញពីការជឿទុកចិត្តរបស់ប្រជាពលរដ្ឋ ពីភាពកក់ក្តៅរបស់គាត់ មិនមែនដោយសារយើងដាក់ខ្លួនជាគម្លាត តែត្រូវដាក់ខ្លួនឱ្យជាប់ជាមួយប្រជាពលរដ្ឋ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានរំលឹកយ៉ាងដូច្នេះថា៖ «ហើយកិច្ចការងារនេះ ឪ ខ្ញុំបង្រៀនប្រាប់ខ្ញុំតាំងពីក្មេង គាត់ប្រាប់ថាកូនឯងហាមដាច់ខាត កុំឱ្យគិតថាខ្លួនជាកូននាយករដ្ឋមន្ត្រី តែត្រូវប្រកាន់ខ្លួនថាជាចៅរបស់កសិករ ជាប្រចាំ ព្រោះតា យាយកូនឯងជាកសិករទេ កុំភ្លេចកំណើត ត្រូវនៅជាប់ជាមួយប្រជាពលរដ្ឋ»។

ជាមួយនឹងតួនាទីជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់អាណត្តិទី៧នេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការងារបម្រើប្រជាពលរដ្ឋ គឺជារង្វាន់សម្រាប់ខ្លួនឯង ពិតណាស់ច្រើន ពិតណាស់វាធ្ងន់តែជារង្វាន់នៅក្នុងជីវិតរបស់ឯកឧត្តម ដែលមានឱកាសបានទទួលការទុកចិត្តពីប្រជាពលរដ្ឋ និងគណបក្សដើម្បីឱ្យដឹងនាំរាជរដ្ឋាភិបាល ដើម្បីបម្រើប្រជាពលរដ្ឋបន្តទៅទៀត។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា មានអំណាចមិនប្រាកដថា មានឥទ្ធិពលនោះទេ។ ដូចជារបបខ្មែរក្រហម មានអំណាច តែគ្មានឥទ្ធិពលនោះទេ។ ឥទ្ធិពល គឺបានមកពីប្រជាពលរដ្ឋ៕

Leave a Reply

Your email address will not be published. Required fields are marked *