បន្ទាយមានជ័យ៖ អាជីវករផ្សារត្រីប៉ោយប៉ែត សុំឲ្យអាជ្ញាធរជួយដោះស្រាយបញ្ឈប់ប្រជាពលរដ្ឋដែលប្រមូលផ្តុំគ្នាលក់ដូរអានាធិបតេយ្យតាមដងផ្លូវចូលជុំវិញផ្សារដែលនាំគ្នាប្រមាណ៨០នាក់ មកសាលាក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២២។
ក្រុមអាជីវករលក់ដូរនៅផ្សារត្រីប៉ោយប៉ែត ស្ថិតនៅក្នុងភូមិបាលិលេយ្យ១សង្កាត់.ក្រុងប៉ោយប៉ែត បានលើកឡើងថា ពួកខ្លួនជាអាជីវករជួលតូបមានអណត្តិច្បាស់លាស់ និងបង់ភាស៊ីឲ្យក្រុមហ៊ុនផ្សារត្រីប៉ោយប៉ែតទៅតាមផ្លូវច្បាប់ និងតែងតែគោរពតាមការណែនាំរបស់អាជ្ញាធរ។ កាលពីជំងឺកូវីដ-១៩ ឆ្លងរាលដាលខ្លាំង អាជ្ញាធរបានរៀបចំពួកខ្លួនឲ្យមកលក់ដូរខាងក្រៅតាមគំនូសការរៀបចំរបស់អាជ្ញាធរ តែដល់ពេលជំងឺកូវីដ-១៩ បានធូរស្រាលឡើងវិញ ពួកគាត់ក៏ត្រូវទៅលក់ដូរទៅតាមតូបក្នុងផ្សាររៀងៗខ្លួនវិញ។
ក្រុមអាជីវករក៏បានបញ្ជាក់បន្ថែមថា បន្ទាប់ពីពួកគាត់បានចូលទៅលក់នៅតាមតូបរៀងៗខ្លួនវិញ បែរជាមានក្រុមប្រជាពលរដ្ឋមកលក់ដូរអានាធិបតេយ្យ ដោយគ្រាន់តែជួលចំណីផ្លូវពីម្ចាស់ផ្ទះ លក់ដូរធ្វើឲ្យអ្នកទិញចង្អៀតពិបាកចូលទៅទិញអីវ៉ាន់ក្នុងផ្សារ បាត់បង់សណ្តាប់ធ្នាប់សាធារណ និងធ្វើឲ្យប៉ះពាល់ដល់អាជីវករពួកគាត់ដែលជួលតូប បង់ភាស៊ីគោរពច្បាប់លក់ដូរមិនដាច់។
លោក ញឹម ភឿង អ្នកនាំពាក្យសាលាក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ចំពោះការស្នើសុំឲ្យអាជ្ញាធរជួយអន្តរាគមន៍រៀបចំចំពោះអាជីវករដែលលក់ដូរអនាធិបតេយ្យនៅតាមដងផ្លូវនោះ អាជ្ញាធរបានទទួលហើយ និងអនុវត្តឆាបៗនេះហើយ ក្នុងនោះក៏ត្រូវតែមានការកាត់សំយាបដែលដែលរំលោភលើដីចំណីផ្លូវផងដែរ។
គួរបញ្ជាក់ថា នៅទីតាំងខាងលើនេះ កម្លាំងនគរបាលសណ្តាប់ធ្នាប់ចរាចរណ៍ក្រុងប៉ោយប៉ែត និងអាជ្ញាធរមូលដ្ឋានតែងតែចុះរៀបចំសណ្តាប់ធ្នាប់នៅទីនោះ ប៉ុន្តែការរៀបចំនេះហាក់ដូចជាវែកចក ដោយក្រុមប្រជាពលរដ្ឋទាំងនោះមិនបានចូលរួមជាមួយសមត្ថកិច្ចអាជ្ញាធរនោះឡើយ៕