ប៉ូលិសបំបែកសំណុំរឿង ឃាតកម្ម រំលោភសម្លាប់ ដុតបំផ្លាញសាកសពទាំងម្តាយនិងកូនតូច ចាប់បានឃាតកញីឈ្មោល !

ព្រៃវែង ៖ សំណុំរឿងដ៏សាហាវព្រៃផ្សៃមួយ ដែលបានកើតឡើងនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ត្រូវកម្លាំងនគរបាលជំនាញបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការបំបែកសំណុំរឿងដោយជោគជ័យ ដោយចាប់ខ្លួនបានជនដៃដល់២នាក់ បន្ទាប់ពីពួកគេបានរួមដៃគ្នាសម្លាប់ស្ដ្រីម្នាក់ រួមជាមួយកូនតូច ហើយដុតបំផ្កាញសាកសព និងដុតផ្ទះចោល ដើម្បីបង្វែរទៅរឿងគ្រោះអគ្គិភ័យ។

ក្រោយទទួលបានបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, កម្លាំងនគរបាលខេត្តព្រៃវែង ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន
ស្នងការនគរបាលខេត្តព្រៃវែង ដែលដឹកនាំប្រតិបត្តិការបំបែកសំណុំរៀងនេះផ្ទាល់ នឹងបានធ្វើការចុះស៊ើបអង្កេតស្រាវជ្រាវ រហូតឈានដល់កំណត់អត្តសញ្ញាណជនសង្ស័យបាន ធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានឲ្យដឹងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះថា ជនសង្ស័យទី១៖ ឈ្មោះ នួន ទូច ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិច្បារអំពៅ ឃុំព្រៃថ្នង ស្រុកទឹកឈូរ ខេត្តកំពត និងជនសង្ស័យទី២៖ ឈ្មោះ មុំ ញ៉េប ភេទប្រុស អាយុឮ៤០ឆ្នាំ រស់នៅភូមិរមាសឈរ ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ចំណែកឯស្ត្រីរងគ្រោះ មានឈ្មោះ ប៉យ យឹម (ហៅម៉ែអាចាន់ ហៅខ្លូត) អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃល្វាយ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងកូនប្រុសឈ្មោះ ម៉យ ចាន់ អាយុ២ឆ្នាំ។

បើតាមចម្លើយសារភាពរបស់ជនដៃដល់ឈ្មោះ នួន ទូច (ហៅម៉ៅ) បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ចាប់តាំងពីខែឧសភា ឆ្នាំ២០២៣ ខ្លួនចាប់ផ្តើមប្រច័ណ្ឌប្ដីជាមួយឈ្មោះ ប៉យ យឹម (ហៅម៉ែអាចាន់ ហៅខ្លូត) ពីព្រោះខ្លួនបានឃើញពីរនាក់គេនោះ តែងនៅជិតគ្នាមានភាពស្និតស្នាលខុសពីធម្មតា។

រហូតដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ០៥៖៣០នាទីល្ងាច ខ្លួនបានហូបបាយជុំគ្នា ដោយមានហូបស្រាផងដែរ ជាមួយប្ដីឈ្មោះ កន រស្មី និងកូនជាងម្នាក់ទៀតឈ្មោះ មុំ ញ៉េប (ជនសង្ស័យទី២)។ ពេលកំពុងហូបបាយ ខ្លួនបានឈ្លោះប្រកែកគ្នាជាមួយប្ដី ដោយសារប្រច័ណ្ឌប្ដី និងជនរងគ្រោះថា បានលួចលាក់ទំនាក់ទំនងស្នេហាជាមួយគ្នា។

ស្ត្រីជនដៃដល់បានសារភាពទៀតថា ក្រោយពីឈ្លោះប្រកែកគ្នាខ្លាំងមួយប្រាវ ប្ដីរបស់ខ្លួនរួចមក ប្តីខ្លួនបានទៅដេកមុន ចំណែកខ្លួន និងឈ្មោះ មុំ ញ៉េប បានទៅទិញស្រាថ្នាំមកផឹកថែមអស់កន្លះលីត្រទៀត។ លុះដល់ម៉ោង០៨នឹង៣០នាទីយប់ ខ្លួនក៏បានបបួលឈ្មោះ មុំ ញ៉េប ទៅផ្ទះរបស់ជនរងគ្រោះ គោលបំណងដើម្បីឲ្យឈ្មោះ មុំ ញ៉េប ដែលជាកូនជាងរបស់ប្តីចាប់រំលោភស្ត្រីជនរងគ្រោះ។

ជនសង្ស័យបានបន្តទៀតថា ពេលទៅដល់ផ្ទះជនរងគ្រោះ ឃើញទ្វារកំពុងបិទ ពួកគេក៏ច្រានទ្វារចូល ឃើញជនរងគ្រោះឈ្មោះ ប៉យ យឹម (ហៅម៉ែអាចាន់ ហៅខ្លូត) កំពុងដេកនៅលើគ្រែជាមួយកូនប្រុស ពេលនោះជនរងគ្រោះក៏ភ្ញាក់ ដឹងខ្លួន រៀបនឹងស្រែក ខ្លួនជាមួយឈ្មោះ មុំ ញ៉េប ក៏បានចាប់ខ្ទប់មាត់ និងបានយកខ្សែជ័រសម្រាប់ចងរន្ទា មករឹតកជនរងគ្រោះរហូតសន្លប់បាត់ស្មារតី ខណៈនោះឈ្មោះ មុំ ញ៉េប បានចាប់ផ្តើមធ្វើសកម្មភាពរំលោភសេពសន្ទវៈលើ ជនរងគ្រោះរហូតបានសម្រេចតែម្តង។

ជនសង្ស័យបានសារភាពទៀតថា ក្រោយរំលោភរួចខ្លួន (នួន ទូច) បានយកខ្សែដដែលរឹតកជនរងគ្រោះម្ដងទៀតរហូតស្លាប់ ខណៈនោះកូនប្រុសរបស់ជនរងគ្រោះ ឈ្មោះ ចាន់ ក៏បានភ្ញាក់ឡើង ភ្លាមនោះខ្លួន(ជនសង្ស័យ នួន ទូច) ក៏បានចាប់បោកក្មេងប្រុសនោះផ្ទប់ នឹងដី ហើយយកជើងជាន់ខ្លាំងៗលើក្បាល លើខ្លួន ច្រើនដងរហូតក្មេងនោះបាក់ដៃ បាក់ជើង ផុងលលាដ៍ក្បាលស្លាប់យ៉ាងអាណោចអាធ័មតែម្តង។ បន្ទាប់មកខ្លួន និងឈ្មោះ មុំ ញ៉េប ក៏សម្រេចចិត្តដុតផ្ទះនោះ ដើម្បីបំប្លែងជាគ្រោះថ្នាក់ អគ្គិភ័យតែម្តងទៅ។
ជនសង្ស័យបានសារភាពទៀតថា ពេលដុតផ្ទះហើយខ្លួន និងឈ្មោះ មុំ ញ៉េប ក៏បែកផ្លូវគ្នាចូលរោងដេកតាមធម្មតា។ រហូតដល់វេលាម៉ោងប្រហែល១០យប់ ឃើញមានប្រជាពលរដ្ឋ និងនគរបាល ផ្អើលឈូឆរនៅផ្ទះកើតហេតុ ខ្លួនក៏ចេញមកមើលដោយ ធ្វើដូចគ្មានរឿងអ្វីកើតឡើង លុះម៉ោង១១យប់ ក៏ចូលដេកវិញដូចធម្មតា។

ក្រោយកើតហេតុភ្លាមកម្លាំងនគរបាលខេត្តព្រៃវែង ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស្នងការ លោកស្នងការរង និងមន្ត្រីនគរបាលជាច្រើនរូប បានចុះដល់ទីតាំងកើតហេតុដើម្បីអន្តរាគមន៍ និងពិនិត្យកន្លែង កើតហេតុ ហើយបានដាក់ការសង្ស័យថា ជាករណីឃាតកម្ម។ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត ក៏បានបើកការស៊ើបអង្កេត និងស្នើសុំជំនួយពីនាយកដ្ឋានបច្ចេកទេសវិទ្យាសាស្ត្រ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងសុំជំនួយពីអង្គការ CPU។

លុះដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ១០ព្រឹក កម្លាំងនគរបាលនាយកដ្ឋានបច្ចេកទេស និងកម្លាំងអង្គការ CPU ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ទិត្យ ប៊ុណ្ណា បានមកដល់ទីតាំងកើតហេតុ យកសំណាកផ្សេងៗ ព្រមទាំងយកសពស្ត្រីរងគ្រោះមកវះកាត់ពិនិត្យវិភាគសន្និដ្ឋានរកឃើញថា សពជនរងគ្រោះបានស្លាប់មុនភ្លើងឆេះទៅទៀត ទើបដឹងថាជារឿងឃាតកម្ម សម្លាប់មុនទើបដុតសាកសពដើម្បីបង្វែងដាន។

យោងលើការសន្និដ្ឋានបែបនេះហើយ ទើបលោកស្នងការនគរបាលខេត្តព្រៃវែង និងមន្ត្រីក្រោមឱវាទជាច្រើនរូបទៀត មានមូលដ្ឋានក្នុងការស្រាវជ្រាវបន្ត រហូតកំណត់មុខសញ្ញាសង្ស័យបាន២នាក់ ម្នាក់ឈ្មោះ នួន ទូច និងម្នាក់ទៀតឈ្មោះ មុំ ញ៉េប បន្ទាប់មកនគរបាលក៏បានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ សួរចម្លើយពួកគាត់រយះពេលពីរថ្ងៃពេញ ទើបចេញលទ្ធផលសារភាពស៉ីសង្វាក់គ្នាគ្រប់បែបយ៉ាងទាំងវត្ថុតាង ពេលវេលា សាក្សី និងអង្គហេតុ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការវិនិច្ឆ័យទោសតាមច្បាប់៕

 

Leave a Reply

Your email address will not be published. Required fields are marked *