ភ្នំពេញ ៖ បុរស២នាក់បានរងរបួសធ្ងន់ ដោយម្នាក់ជាគ្រូបង្រៀនបានបាក់ម្រាមដៃ និងម្នាក់ទៀតជាអ្នកសារព័ត៌មាន បានរងរបួសផុងលលាក្បាល ក្នុងករណីអំពើហិង្សាត្រូវម្ចាស់ឃ្លាំងទំនិញស្នោនឹងបក្ខពួកព្រួតវាយ កាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រោះតែទំនាស់រឿងជនរងគ្រោះសុំឲ្យថយឡានដឹកឥវ៉ាន់ដែលចតពេញផ្លូវ ពិបាកដល់ប្រជាពលរដ្ឋធ្វើដំណើរចេញចូលផ្ទះ។
បើតាមការឲ្យដឹងពីមន្ត្រីអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានប្រាប់ឲ្យដឹងថា ហេតុការណ៍អំពើហិង្សានេះកើតឡើងនៅម៉ោងប្រមាណ៩យប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បង្កឡើងដោយម្ចាស់ឃ្លាំងគ្រឿងជ័រស្នោ និងកូនចៅរបស់គេ មានគ្នាប្រមាណជាង ១០នាក់ បានព្រួតគ្នាវាយលើបុរសពីរ ដែលជាអ្នកជិតខាងនឹងគ្នា ព្រោះទំនាស់រឿងថយឡានដឹកឥវ៉ាន់ពេញផ្លូវ ពិបាកដល់ប្រជាពលរដ្ឋធ្វើដំណើរចេញចូលផ្ទះ។
មន្ត្រីអាវុធហត្ថបន្តថា ដំបូងឡើយជនរងគ្រោះទាំង២នាក់នៅក្នុងផ្ទះធម្មតា ក្រោយមកពេលឃើញម្ចាស់ឃ្លាំងនោះ ចតរថយន្តដល់ ៣គ្រឿងធំៗទន្ទឹមគ្នា ដែលពិបាកក្នុងការចេញចូលផ្ទះ ក៏សុំឲ្យយករថយន្ត១គ្រឿងចេញ ដើម្បីឲ្យងាយស្រួលចេញចូលផ្ទះ ប៉ុន្តែម្ចាស់ឃ្លាំងនោះមិនព្រមយកចេញ ក៏កើតជាទំនាស់ឈានដល់ការព្រួតវារហូតដល់រងរបួសធ្ងន់។
ជនរងគ្រោះទាំង២នាក់រួមមាន៖ ឈ្មោះ ឈុន វុទ្ធី ជាគ្រូបង្រៀននៅសាលាពោធិ៍ចិនតុង បានរងរបួសបាក់ម្រាមដៃ និងឈ្មោះ យ៉ាវ វាសនា ជាអ្នកសារព័ត៌មាន រងរបួសស្រាំលលាក្បាល។
ជនរងគ្រោះបានសំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ច ជួយផ្តល់យុត្តិធម៌ឲ្យពួកគាត់ផង និងអំពាវនាវដល់អាជ្ញាធរ ពិនិត្យមើលករណីឃ្លាំងទំនិញនេះផងដែរ ព្រោះបង្កការរំខានសម្រាប់ការរស់នៅរបស់ពួកគាត់យ៉ាងខ្លាំង ទាំងការលើកដាក់ទំនិញ និងការចតរថយន្តពាសើវាលពាស់កាលពេញលើដងផ្លូវនិងមុខផ្ទះប្រជាពលរដ្ឋពិបាលចេញចូល។
កាលពីកន្លងទៅឃ្លាំងទំនិញនេះ ក៏ធ្លាក់កើតមានគ្រោះអគ្គិភ័យផងដែរ ដូច្នេះជាក្តីបារម្ភរបស់ប្រជាពលរដ្ឋ បើសិនមានគ្រោះអគ្គិភ័យកើតឡើងទៀត៕