ព្រៃវែង ៖ បងប្អូនក្រុមអាជីវករផ្សារភូមិរោងថ្មី ជាច្រើននាក់បានសុំឲ្យអាជ្ញាធរខេត្តព្រៃវែង ជួយអន្តរាគមន៍ដល់ប្រធានក្រុមហ៊ុន ស៊ឹម ចាន់មករា អេស.ស៊ីអរ.ឯ.កក្នុងគ្រាដែលគាត់មកគ្រប់គ្រងវិនិយោគលើដីផ្សារភូមិរោងថ្មី បានយកផាស៊ីថ្លៃតូប អនាម័យ កង់ ម៉ូតូថ្លៃកប់ពពកសូម្បីអ្នកលក់បន្លែមួយកូនកញ្ជើរក៏ដោយ ក៏មិនលើកលែងដែរ ហើយបើបងប្អូនអាជីវករមិនបង់លុយតាមកំណត់ទេនោះអ្នកគ្រប់គ្រង់ផ្សារបានឲ្យអង្គរ័ក្ស គំរាមគំហែង គៀបសង្កត់ ទៀតផង។ នេះបើតាមការលើកឡើងរបស់ក្រុមអាជីវករ។
បើតាមបងប្អូនក្រុមអាជីវករបានឲ្យដឹងថាផ្សារភូមិរោងថ្មី មានទីតាំងនៅក្នុងភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ផ្សារនេះពួកគាត់បានលក់ដូររាប់សិបឆ្នាំមកហើយមិនដែលមានបញ្ហាអ្វីនោះទេ ។ តែក្នុងរយះពេលប៉ុន្មានខែនេះ មានមនុស្សម្នាក់ថាគាត់ជាម្ចាស់ក្រុមហ៊ុនខាងលើនិងជាថៅកែផ្សារភូមិរោងថ្មី ដោយមានអង្គរ័ក្ស២នាក់ហើយថា រូបគេជាអ្នកវិនិយោផ្សារនេះដោយបានទិញពីម្ចាស់មុន ហើយធ្វើផ្សារនេះឡើងវិញដោយរៀបចំតូបលក់ដូរថ្មីដែលមានទំហំ២ម៉ែត្រ៤តឹក សរុប១០៤តូប ។
ក្រុមអាជីវករបានបញ្ជាក់បន្ថែមថា តូបដែលម្ចាស់ផ្សាថ្មីសង់នេះគឺគេជួលឲ្យអាជីវករ១តូបតម្លៃ១ពាន់ដុល្លារដោយជួលក្នុងរយះពេល១៥ឆ្នាំ ប៉ុន្តែតម្រូវឲ្យអាជីវករបង់លុយមុនក្នុងរយៈពេលយ៉ាងយូ២ខែជាកំហិត ។ ក្រៅពីនេះម្ចាស់ផ្សារថ្មីនេះ តម្រូវបង់ផាស៊ីតូបក្នុង១ថ្ងៃ៤០០០រៀល ថ្លៃអនាម័យ ១០០០រៀល សរុប១ថ្ងៃបង់ឲ្យថ្លៃផ្សារ៥០០០រៀលឯណ្ណោះ។ ចំណែកផ្ញើកង់ ម៉ូតូ យកតម្លែ១០០០រៀល ក្នុងគ្រាដែលផ្សារនេះលក់បានតែពេលព្រឹករបៀបផ្សារក្រមួន ហើយតម្លៃទាំងអស់នេះអាជីវករមិនអាចតវ៉ាបានឡើយ ដោយគេពោលថា បើលក់បានលក់ បើលក់មិនបានចេញ។
អាជីវករបានឲ្យដឹងថា ប្រធានផ្សារឈ្មោះ ស៊ឹម ចាន់មករា បានហៅពួកគាត់ប្រជុំរឿងលុយកាក់ថ្លៃឈ្នួលតូបនិងបញ្ហាផ្សេងៗ តែគេហៅឲ្យចូលប្រជុំនោះមិនបានប្រជុំរួមទេគឺប្រជុំម្តងម្នាក់ៗ ។
បងប្អូនអាជីវករបានបញ្ជាក់ឲ្យដឹងផងដែរថា កាលពីម្ចាស់ផ្សារមុនលោកស្រី សុខ គីម គាត់យកថ្លៃឈ្នលតូបតែ១៥០០រៀលទៅ២០០០រៀល ក្នុងមួយថ្ងៃ ថ្លៃផ្ញើរកង់ម៉ូតូតែ៥០០រៀលប៉ុណ្ណោះ ។ តែម្ចាស់ថ្មីយកថ្លៃឈ្នួលកប់ពពកតែម្តង ដែលធ្វើឲ្យបងប្អូនមិនអាចទទួលយកបាន ទើបនាំគ្នាសូមឲ្យអាជ្ញាធរឃុំ ស្រុក ជួយអន្តរាគមន៍ ព្រោះតែបងប្អូនខ្លះគ្រាន់តែដាក់កញ្ជើរលក់បន្លែត្រកួន ព្រលឹត សណ្តែកបណ្តុះ ក៏តម្រូវឲ្យបង់ថ្លៃឈ្នួលកន្លែងលក់រាប់រយដុល្លា និងឲ្យបងថ្លៃឈ្នួលកន្លែងលក់ប្រចាំថ្ងៃក្នុង១ថ្ងៃ៥០០០រៀល ពោលគឺយកលុយឆៅៗតែម្តង។ ហើយបើគិតចំណាយសរុបក្នុងរយ:ពេលឈ្នួលតូបនិងបង់ផាស៊ីថ្លៃឈ្នួលរូមហ្នឹង អនាម័យ គឺក្នុងអាជីវករម្នាក់ត្រូវចំណាយជិត៥០លានរៀលឯណោះ ក្នុងរយៈពេល១៥ឆ្នាំ។
បើតាមអ្នករស់នៅក្នុងភូមិវិញបានប្រាប់ក្រុមការងារយើងថា អ្វីដែលហួសហេតុជាងនេះទៅទៀតនោះ គឺអ្នកគ្រប់គ្រងផ្សារថ្មីបានទាញខ្សែបិតផ្លូវមិនឲ្យប្រជាពលរដ្ឋធ្វើដំណើរចូលទៅទិញរបស់របរនៅខាងក្រោយផ្សារនោះទេ។ សកម្មភាពនេះហាក់បីដូចជាបិតខ្ទប់ដង្ហើមសេដ្ឋកិច្ចពលរដ្ឋរាប់សិបគ្រួសារនោះតែម្តង។ ជាងនេះទៅទៀតប្រធានផ្សារភូមិរោងថ្មីនេះបានប្រើអំណាចឃោឃៅ កៀបសង្កត់លើអ្នកលក់ដូរតាមអំពើចិត្ត ជាពិសេសទៅទៀតនោះគឺអ្នកភូមិ និងកូនសិស្សគ្រាន់តែដាក់កង់ម៉ូតូនៅខាងមុខផ្ទះគេសោះត្រូវក្រុមអង្គរ័ក្សមេផ្សារទៅចាប់បង្ខំឲ្យបង់លុយ ១០០០ រៀលដោយគ្មានលើកលែង។
ក្រុមអាជីវករផ្សារភូមិរោងថ្មី បានសូម ណូមពរដល់លោកមេភូមិ មេឃុំ លោកអភិបាលស្រុក ពិសេសឯកឧត្តម អភិបាលខេត្តព្រៃវែង ជួយពួកគាត់បានលក់ដូរនឹងបង់ផាស៊ីដូចមុនៗផង។
ពាក់ព័ន្ធនឹងការលើកឡើងរបស់បងប្អូនជាជីវករខាងលើនេះអង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងទៅលោកស៊ឹម ចាន់មករា ប្រធានក្រុមហ៊ុនស៊ឹម ចាន់មករា អេស.ស៊ីអរ.ឯ.ក ដែរតែខលចូលហើយមិនលើក។ អង្គភាពយើងរងចាំការបកស្រាយខាងភាគីក្រុមហ៊ុនរៀងរាល់ម៉ោងធ្វើការ ៕