រយៈពេល២ថ្ងៃ កម្លាំងអាវុធហត្ថបើកប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ រឹបអូសឈើជាង៣០០ម៉ែត្រគូប និងឃាត់ខ្លួនមនុស្ស១២នាក់ នៅខេត្តចំនួន៤ !

ភ្នំពេញ ៖ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងអាវុធហត្ថបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ និងរឹបអូសបានឈើជាង៣០០ម៉ែត្រគូប ព្រមទាំងចាប់ខ្លួនមនុស្ស១២នាក់។

នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអះអាងថា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសា កម្លាំងអាវុធហត្ថ បានរឹបអូសឈើសរុប៣២៨.០៧១ម៉ែត្រគូប ក្នុងនោះ ឈើហ៊ុំមូល១៨២កំណាត់ ស្មើនឹង២២៧.៩៥៥ម៉ែត្រគូប, ឈើប្រភេទលេខ១ សរុប២២៤ដុំ ស្មើនឹង៦៣.៦៧២ម៉ែត្រគូប, ឈើប្រភេទលេខ២ ចំនួន៩០៨សន្លឹក ស្មើនឹង៣៥.២៧៧ម៉ែត្រគូប, សសរចំនួន៨ដើម ស្មើនឹង៣.២០១ម៉ែត្រគូប និងកូនឈើចម្រុះ១៣ដើម។

លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានគូសបញ្ជាក់ទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើដ៏សស្រាក់សស្រាំនេះ កម្លាំងអាវុធហត្ថក៏បានឃាត់ខ្លួនមនុស្សដែលពាក់ព័ន្ធ ចំនួន១២នាក់, រថយន្ដសណ្ដោងរ៉ឺម៉ក់៧គ្រឿង, គោយន្ដកន្ដ្រៃ១៣គ្រឿង, ម៉ូតូ១គ្រឿង, ប្រេងសាំង៣០លីត្រ, រណាយន្ដ៥គ្រឿង និងកៅឡាក់១៤គ្រាប់។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសរូបនេះ បានឲ្យដឹងទៀតថា ប្រតិបត្តិការនេះធ្វើឡើងនៅខេត្តចំនួន៤ ក្នុងនោះរួមមាន ខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងខេត្តព្រះវិហារ។ ក្រោយបង្ក្រាបបានទាំងវត្ថុតាង សម្ភារៈ និងជនដែលពាក់ព័ន្ធ ត្រូវបានប្រគល់ជូនរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

ដើម្បីអនុវត្ដបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នោះ, លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានបន្ថែមថា នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយនៅខេត្តក្រចេះ ជាមួយកម្លាំងសមត្ថកិច្ចដែលមានការពាក់ព័ន្ធ។

សូមជម្រាបថា ថ្មីៗនេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញបញ្ជាឲ្យកម្លាំងអាវុធហត្ថចេញប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ រហូតប្រើអាវុធបើសិនក្រុមជនល្មើសប្រឆាំង និងបាញ់តបតមកកងកម្លាំង៕

 

Leave a Reply

Your email address will not be published. Required fields are marked *