(ព្រះសីហនុ)៖ ចាប់ពីម៉ោង៥ល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ កំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង ស្ថិតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវបានអាជ្ញាធរបិទចរាចរណ៍ជាបណ្ដោះអាសន្ន ដោយសារជំនន់ទឹកភ្លៀងជន់ខ្លាំង រហូតលិចផ្លូវជាតិ។
រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់យ៉ាងដូច្នេះថា «សូមធ្វើការផ្អាកចរាចរបណ្តោះអាសន្នចំពោះយានយន្តគ្រប់ប្រភេទ ត្រង់ចំណុចគីឡូម៉ែត្រ លេខ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ចាប់ពីម៉ោង ១៧៖០០នាទីល្ងាច ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី»។
រដ្ឋបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៤ ពិសេសត្រង់ចំណុចខាងលើ សូមរកផ្លូវវាងជាបណ្ដោះអាសន្នសិន ដើម្បីជៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតឡើង ដោយប្រការណាមួយ។
ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចក៏បានត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះ ដោយសារស្ថានភាពគ្រោះទឹកជំនន់បង្កឲ្យមានផលប៉ះពាល់ដល់ការរស់នៅ និងដំណាំរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិក្រាំងអាត់ (ចំណុចក្រាំងអាត់ចាស់) ឃុំកំពង់សីលា ស្រុកកំពង់សីលានេះផងដែរ។
ជាមួយបញ្ហាប្រឈមដែលកំពុងកើតឡើងនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានដឹកនាំកម្លាំងប្រដាប់អាវុធ អាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យទីតាំងជាក់ស្ដែងផងដែរ ដើម្បីងាយស្រួលក្នុងការអន្ដរាគមន៍ជួយសង្គ្រោះនៅពេលមានហេតុការណ៍អ្វីកើតឡើង។
ក្នុងថ្ងៃដដែលនេះទេសរដ្ឋមន្ត្រី គន់ គីម ណែនាំឱ្យមន្ត្រីរៀបចំលក្ខណៈឱ្យបានគ្រប់គ្រាន់ក្នុងការជម្លៀសពលរដ្ឋទៅរកទីទួលសុវត្ថិភាព ខណៈតំបន់មួយចំនួននៅខេត្តព្រះសីហនុ កំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង។
ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានណែនាំដល់មន្ត្រីនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏ដូចជាលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៅតាមបណ្តាខេត្ត ត្រូវតាមដានឱ្យបានជាប់ជាប្រចាំ ដើម្បីត្រៀមខ្លួនអន្តរាគមន៍ ក្នុងការជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងទៅរកទីទួលសុវត្ថិភាព។
ការចេញមកណែនាំភ្លាមៗបែបនេះ របស់ទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើឡើងបន្ទាប់ពីការផ្អាកចរាចរបណ្តោះអាសន្ននៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង ចន្លោះគីឡូម៉ែតលេខ១១៥-១១៦ ស្ថិតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវបានអាជ្ញាធរបិទចរាចរណ៍ជាបណ្ដោះអាសន្ន ដោយសារជំនន់ទឹកភ្លៀងជន់ខ្លាំង រហូតលិចផ្លូវជាតិ។
ទេសរដ្ឋមន្ត្រី គន់ គីម បានបន្តថា ប្រសិនបើករណីជំនន់ទឹកភ្លៀងបន្តឡើងខ្លាំង សូមប្រជាពលរដ្ឋ ត្រូវអនុវត្តតាមការណែនាំរបស់គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ឬក៏ការណែនាំរបស់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះសីហនុ ដើម្បីជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព។
បន្ថែមពីនេះ ទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា៖ «ចំពោះបញ្ហាជំនន់ទឹកភ្លៀងនេះដែរ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានត្រៀមខ្លួន ដើម្បីអន្តរាគមន៍នៅពេលណាមានសភាពការណ៍កើតឡើងបន្ទាន់ ក្រោយពីលេខាធិការដ្ឋានរបស់ខេត្ត អស់លទ្ធភាពក្នុងការដោះស្រាយ ដូច្នេះ អគ្គលេខាធិការដ្ឋានរបស់គណៈកម្មាធិការជាតិនឹងធ្វើបញ្ជូនកម្លាំងអន្តរាគមន៍ភា្លមៗ»។
ទេសរដ្ឋមន្ត្រី គន់ គីម បានគូសបញ្ជាក់ថា៖ «ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានទាក់ទងជាប់ដោយផ្ទាល់ជាមួយនឹងអាជ្ញាធរខេត្តព្រះសីហនុ ស្តីពីបញ្ហាជំនន់ទឹកភ្លៀង បើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧត្តុនិយម ស្ថានភាពនេះនឹងបន្តអូសន្លាយរហូតដល់ថ្ងៃទី១៤ ខែកក្កដា នឹងអាចបន្តជាច្រើនថ្ងៃបន្ថែមទៀត ដូច្នេះ សូមអំពាវនាវដល់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះសីហនុ ក៏ដូចជាខេត្តដ៏ទៃទៀតបន្តយកចិត្តទុកដាក់ និងសហការឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានព័ត៍មាន និងរបាយការណ៍ស្តីដើម្បីពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះ»៕